(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកាម្សិលមិញ បានដឹកនាំប្រតិភូ និងសមាជិកចំនួន ២៣នាក់ ចូលរួមកម្មវិធីសន្និសីទ និងពិព័រណ៍ប្រចាំឆ្នាំរបស់សមាគមជាតិអ្នកវាយតម្លៃអចលនទ្រព្យសហអាមេរិក(NAR) រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៨-១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយ CVEA គ្រោងធ្វើការចុះអនុស្សារណ:យោគយល់គ្នា(MOU) ជាមួយសមាគម៣ ដើម្បីពង្រីកសក្ដានុពលវិស័យអចលនទ្រព្យកម្ពុជាទៀតផង ។
ប្រធានសមាគមខាងលើបានបញ្ជាក់ថា ការចូលរួមកម្មវិធីជួបជុំដ៏ធំប្រចាំឆ្នាំនេះ សមាគមផ្ដោតលើគោលបំណងសំខាន់ៗមួយចំនួន ដូចជាការសិក្សាបន្ថែមលើផ្នែកបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ ផ្នែកវាយតម្លៃ និងការពង្រឹងទំនាក់ទំនងអន្ដរជាតិ ក្នុងនាមសមាជិករបស់ NAR ក៏ដូចជាដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសជាដើម ។ លើសពីនេះ CVEA ក៏ត្រៀមបើកជើងមេឃថ្មី តាមរយៈការចុះ MOU ជាមួយសមាគមអចលនទ្រព្យអឺរ៉ុបមួយ នាឱកាសនោះផងដែរ ។
លោក ច្រឹក សុខនីម បញ្ជាក់ថា «យើងមានផែនការចុះ MOU ចំនួន ៣ ក្នុងនោះមានសមាគមនៅសហរដ្ឋអាមេរិកចំនួន ២ និងសមាគមនៅអឺរ៉ុប ១ ដែលយើងកំពុងធ្វើការហ្នឹង ដោយយើងផ្ដោតលើការសហការគ្នា ។ កម្ពុជាយើងអត់ទាន់បើកជំហរជើងមេឃទៅខាងអឺរ៉ុប តែឥលូវយើងកំពុងពង្រីកទីផ្សារទៅផ្នែកអឺរ៉ុប ចឹងយើងអាចនាំភ្ញៀវរបស់យើង មិនត្រឹមតែអាចទៅសហរដ្ឋអាមេរិកទេ គឺអាចទៅអឺរ៉ុបថែមទៀត នេះគឺជាទិសដៅធំរបស់យើង យើងចង់ពង្រីកសក្ដានុពលលើពិភពលោក» ។
គួរបញ្ជាក់ថា កម្មវិធីសន្និសីទ និងពិព័រណ៌ប្រចាំឆ្នាំរបស់ NAR តែងរៀបចំជារៀងរាល់ចុងឆ្នាំ ដោយមានបណ្ដាប្រទេសជាសមាជិលើពិភពលោកជាច្រើនចូលរួម ក្នុងនោះក៏មានតំណាងសមាគម CVEA របស់កម្ពុជាចូលរួមផងដែរ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ថ្មីៗ ពិសេសការបង្ហាញនូវវឌ្ឍនាភាព និងសក្ដានុពល នៃវិស័យអចលនទ្រព្យកម្ពុជាទៅកាន់ពិភពលោក ក៏ដូចជាការកៀងគរវិនិយោគិន មកធ្វើការវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ៕