(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងខណ្ឌ កុំចាញ់កលឃោសនាបោកប្រាស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ព្រោះបុគ្គលនេះមានគំនិតមិនល្អ ទុរសយស ពិសពុលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រមាថអង្គព្រះមហាក្សត្រ និងបង្កចលាចលក្នុងប្រទេសថែមទៀតផង។
ការក្រើនរំលឹកបែបនេះ របស់លោក ចេង មុនីរ៉ា បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីក្រោមឱវាទចុះបើកការដ្ឋានស្ថាបនាលូរំដោះទឹកចំនួន២ខ្សែ ស្ថិតនៅភូមិព្រែកតាពៅ និងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ដែលពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។
លោក ចេង មុនីរ៉ា បានលើកឡើងថា ដោយឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ហើយរដ្ឋបាលខណ្ឌបានព្យាយាមដោះស្រាយ ពីមួយជំហ៊ានទៅមួយជំហ៊ាន ទើបថ្ងៃនេះ បានមកដល់ភូមិចំនួន២ គឺភូមិព្រែកតាពៅ និងភូមិព្រះពន្លា ដែលរដ្ឋបាលខណ្ឌបើកការដ្ឋានស្ថាបនា ប្រព័ន្ធលូនេះឡើង ដើម្បីរំដោះទឹក និងការបង្ហូរទឹកប្រចាំថ្ងៃរបស់ពលរដ្ឋ។
លោកអភិបាលខណ្ឌ ក៏បានផ្ដាំផ្ញើពលរដ្ឋជួយអប់រំកូនចៅ ពិសេសកូនកូនដែលអាយុពេញវ័យ កុំលង់ជឿ ស្ដាប់តាម ក្រុមបោកប្រាស់ទាំងអស់នោះ ព្រោះពួកគេទាក់ទាញកូនចៅរបស់អ្នកទៅ ជាប់ទោស ទៅជាប់គុក និងទៅបាតុកម្មបង្ករហិង្សា ជំនួសពួកទណ្ឌិតទាំងនោះតែប៉ុណ្ណោះ។
សូមជម្រាបថា ការដាក់លូ២ខ្សែនេះ មួយខ្សែរមានប្រវែង៣៧០ម៉ែត្រ និងមួយខ្សែរទៀតមានប្រវែង៥៩៦ម៉ែត្រ ដែលគ្រោងចំនាយថវិការប្រមាណ ៣៣៧លានរៀល៕