(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោកស្រី Dina Umali-Deininger នាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្ម សកលប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកថ្មី នៃធនាគារពិភពលោក និងសហការី ចូលជួបក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពី កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ លើវិស័យកសិកម្ម នៅទីស្ដីការក្រសួងកសិកម្ម។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី វេង សាខុន បានស្វាគមន៍ និងអបអរសាទរ ចំពោះលោកស្រី ដែលត្រូវបានធនាគារពិភពលោកផ្តល់ការគាំទ្រ និងតែងតាំងជានាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្មសកលប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកថ្មី ហើយលោកសង្ឃឹម និងជឿជាក់ថា តាមរយៈលោកស្រី ធនាគារពិភពលោក នឹងបន្តផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្ម ប្រកបដោយចីរភាព និងនិរន្តរភាពជាប្រយោជន៍ដល់កម្ពុជា សេដ្ឋកិច្ចជាតិ ប្រជាជន និងប្រជាកសិករ។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដែលធនាគារពិភពលោក បានផ្តល់កន្លងមកនេះ តាមរយៈគម្រោងឧបត្ថម្ភគាំទ្រ ដូចជាគម្រោងស្តីពី ការគ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ សមាសភាគទី១ (M-IWRM-3) គម្រោងស្តីពី ការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២ (LASED II) និងថ្មីៗនេះ បានអនុម័តជាផ្លូវការ នូវគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលគម្រោងនេះ មានរយៈពេលអនុវត្ត៦ឆ្នាំ (២០១៩-២០២៥) និងទឹកប្រាក់ឧបត្ថម្ភសរុបជាង១០១លានដុល្លារផងដែរ។
គម្រោងទាំងអស់នេះ លោករដ្ឋមន្ត្រី វេង សាខុន បានគូសបញ្ជាក់ថា គឺពិតជាសំខាន់ និងបាននាំមកនូវអត្ថប្រយោជន៍ជាច្រើន ដល់ការបង្កើតការងារនៅតាមមូលដ្ឋាន លើកស្ទួយកម្រិតជីវភាពគ្រួសាររបស់ប្រជាកសិករ កាត់បន្ថយការធ្វើចំណាក់ស្រុក លើកកម្ពស់ផលិតភាពផលិតកម្មកសិកម្មក្នុងស្រុក ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ កាត់បន្ថយភាពក្រីក្រ ជាពិសេសឈានទៅសម្រេចបាន នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៣០ និង២០៥០។
ឆ្លើយតបទៅនឹងបរិបទ នៃកំណើនសេដ្ឋកិច្ច និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងធ្វើកំណែទម្រង់ទាំងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ដោយផ្តោតជាសំខាន់ទៅលើ ការធ្វើទំនើបកម្មកសិកម្ម ពិពិធកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម ប្រកបដោយចីរភាព ប្រសិទ្ធភាព និរន្តរភាព និងបរិយាប័ន្ន។
ទៀតសោត អង្គភាពក្រោមឱវាទក្រសួង ក៏បានធ្វើបច្ចុប្បន្នភាពផងដែរ ដោយបញ្ចូលសូចនាករអាទិភាពមួយចំនួន ដូចជាការបង្កើនផលិតកម្មកសិកម្ម និងការដាំដុះក្នុងផ្ទះសំណាញ់ ការលើកកម្ពស់ផលិតកម្ម សត្វពោលគឺការចិញ្ចឹមមាន់ និងការបង្កាត់គោពូជសប្បនិមិត្ត ការជំរុញវារីវប្បកម្ម បែបទំនើបប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារ ពិសេសការកសាង និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។
ជាការឆ្លើយតប លោកស្រី Dina Umali-Deininger បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍ ដ៏កក់ក្តៅពីលោករដ្ឋមន្ត្រី និងសហការី ហើយលោកស្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដែលក្រសួង និងមន្ត្រីជំនាញ បានផ្តល់មកធនាគារពិភពលោក ដើម្បីរួមគ្នាអនុវត្តគម្រោងទទួលបានលទ្ធផលគួរជាទីមោទនៈ។
ជាក់ស្តែង លោកស្រី បានចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពក្នុងការអនុវត្តគម្រោងនានា នៅតាមខេត្តគោលដៅមួយចំនួន ដោយលោកស្រី បានបញ្ជាក់ថា គឺពិតជាមានការរីកចម្រើនជាខ្លាំង ទាំងកម្រិតជីវភាព ការរស់នៅ សមត្ថភាព និងបច្ចេកទេសនៃការធ្វើកសិកម្មជាអាជីពរបស់សម្បទានិក ពោលគឺពីគ្រួសារក្រីក្រគ្មានទីពឹង មកជាកសិករដែលមានប្រាក់ចំណូលជាប្រចាំ តាមរយៈធ្វើកសិកម្មចម្រុះ មានទាំងចំការបន្លែ ដំណាំ ចិញ្ចឹមមាន់ និងត្រី។
លោកស្រី Dina Umali-Deininger សង្ឃឹមថា បទពិសោធន៍ និងការយល់ដឹងរបស់លោកស្រី និងក្រុមការងារនៃធនាគារពិភពលោក នឹងអាចយកមកអនុវត្តជាប្រយោជន៍ ដល់ប្រជាកសិករ ហើយធនាគារពិភពលោក រីករាយនឹងបន្តផ្តល់កិច្ច សហប្រតិបត្តិការយ៉ាងល្អ និងពេញលេញជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការដើម្បីអភិវឌ្ឍន៍វិស័យនេះ ឲ្យកាន់រីកចម្រើនថែមទៀត៕