(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំដាក់ចេញផែនការត្រៀមអនុវត្តភ្លាមៗ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខណ្ឌឫស្សីកែវ លោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាស់តឿនដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធទាំងអស់ សូមចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ចំពោះការទប់ស្កាត់នូវវិធានការប៉ុនប៉ងរបស់ក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់ក្បត់ជាតិ ដែលដឹកនាំដោយឧក្រិដ្ឋជន សម រង្ស៊ី ក្នុងការធ្វើរដ្ឋប្រហារផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអភិបាលរងខណ្ឌ, អធិការរងនគរបាលខណ្ឌ តំណាងអធិការ, មេបញ្ជាការរងអាវុធហត្ថខណ្ឌ, យោធភូមិភាគពិសេសខណ្ឌ, លោកនាយក នាយករងរដ្ឋបាលខណ្ឌ, និងប្រធាន អនុប្រធានការិយាល័យជុំនាញចំណុះរដ្ឋបាលខណ្ឌ, ចៅសង្កាត់សង្កាត់ ចៅសង្កាត់រងទាំង៧ នៃរដ្ឋបាលខណ្ឌ, នាយប៉ុស្ដិ៍, មេភូមិ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោក ជា ពិសី បានសង្កត់ធ្ងន់ថា ការប្រកាសវិលត្រឡប់របស់ក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ គឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមរយៈការប្រើប្រាស់វិធីញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកល បោកបញ្ឆោត អូសទាញ ប្រមូលផ្ដុំកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិឲ្យបះបោរ តាមរូបភាពជាបដិវត្ត ដោយហិង្សា ក្នុងគោលដៅផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។
ក្នុងកិច្ចប្រជុំនេះដែរ ក្រៅពីដាក់ចេញផែនការត្រៀមអនុវត្តភ្លាមៗ ចំពោះក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការប៉ោះឆ្នោត, លោកអភិបាលខណ្ឌឫស្សីកែវរូបនេះ ផ្តោតលើរបៀបវារៈមួយចំនួនទៀតរួមមាន៖
*ផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងឱកាសពិធីខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌ។
*ផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ លេខ ២៧១៨ សជណ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។ ផ្សព្វផ្សាយស្មារតីអង្គប្រជុំ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ (ផែនការការពារសន្តិសុខរបស់ក្រសួងមហាផ្ទៃ)។
*ត្រៀមរៀបចំពិធីទទួលទានអំបុកក្នុងមូលដ្ឋានសង្កាត់៧ និងសាលាខណ្ឌ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ (ពិសារអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ)។
*ការកំណត់គោលដៅចុះរដ្ឋបាលតាមបណ្តាសង្កាត់ទាំង៧ ក្នុងខណ្ឌប្ញស្សីកែវ នាថ្ងៃទី០៧ និងថ្ងៃទី០៨ ខែវិច្ឆិកា ខាងមុខនេះ។
*បង្ការ បង្រ្កាប និងទប់ស្កាត់រាល់បញ្ហាអសកម្មផ្សេងៗ ដែលនឹងកើតមានឡើងដោយ អំពើទុច្ចរិតរបស់ ក្រុមឧទ្ទាមក្រៅច្បាប់៕