(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍ចំនួន៤ចំណុច ដើម្បីចូលរួមប្រយុទ្ធប្រឆាំង «ការជួញដូរមនុស្ស» ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ការផ្តល់អនុសាសន៍នេះ បានធ្វើឡើងក្នុងពិធីបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនៅក្នុងតំបន់»។
អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន សម្រាប់សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ រួមមានដូចតទៅ៖
១៖ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធជាមួយបញ្ហាស្ថាប័ន និងប្រទេសពាក់ព័ន្ធនឹង «អំពើជួញដូរមនុស្ស » ជាពិសេសនៅក្នុងប្រទេសឆ្លងកាត់ និងប្រទេសគោលដៅ ដើម្បីឆ្លើយតបនិងដោះស្រាយឱ្យបានទាន់ពេលកំណត់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
២៖ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនត្រូវរួមគ្នាពិនិត្យ និងវាយតម្លៃបញ្ហា «អំពើជួញដូរមនុស្ស» តាមរយៈស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពជាមួយប្រទេស និងនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាកន្លងមក ។
៣៖ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន និងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាបន្ត និងបង្កើនកិច្ចសហការឱ្យបានទូលំទូលាយ បង្កលក្ខណៈងាយស្រួល និងចូលរួមផ្តល់ធនធានសម្រាប់ប្រតិបត្តិការជាប្រព័ន្ធដើម្បីអាចឆ្លើយតបបញ្ហាបានទាន់ពេលវេលាស្តីពី «អំពើជួញដូវមនុស្ស »ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
៤៖ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាធ្វើកំណត់ត្រា និងចងក្រងរបាយការណ៍ជាមួយនឹងភស្តុតាងជាក់ស្តែង ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មបង្កគ្រោះថ្នាក់ដល់សង្គមជាតិ និងកំពុងប៉ះពាល់ដល់កិច្ចដំណើរការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចនៅក្នុងតំបន់ និងសកលលោក។
សូមបញ្ជាក់ថា សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ជាវេទិកានៃមហាអយ្យការក្នុងតំបន់ ដើម្បីចែករំលែកនូវបទពិសោធន៍ និងការអនុវត្តល្អក្នុងការប្រយុទ្ធប្រឆាំង ការទប់ស្កាត់ ការបង្ក្រាប និងការដាក់ទណ្ឌកម្មចំពោះឧក្រិដ្ឋកម្មឆ្លងដែន រួមទាំង «អំពើជួញដូរមនុស្ស» ផងដែរ ហើយក៏ជាយន្តការសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ានចិន។
សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ នាពេលនេះ គឺដើម្បីរកដំណោះស្រាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការរួមគ្នា ហើយចុងក្រោយអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន នឹងចេញនូវសេចក្តីប្រកាសរួមមួយជាគោលសម្រាប់អនុវត្តស្របទៅនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕