(ភ្នំពេញ)៖ ហាងលក់ម៉ូតូ ហុងដា អ៉ឹង ប៉ោប៉ី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៥៣ ក្រុម១៤ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធជាផ្លូវហើយ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកបណ្ឌិត ខាន់ឆៃ កៀស្រ៊ីថាណាកន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អិន ស៊ី អិច។

លោក ប៊េន កៀស្រ៊ីថាណាកន (Ben Kiasrithanakorn) ប្រធានក្រុមហ៊ុន អិន ស៊ី អិច បានឱ្យដឹងថា ដោយសារលក្ខណៈសម្បត្ដិភូមិសាស្ដ្រល្អ និងមានការកែលំអរ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលនឹងធ្វើឱ្យតម្រូវការម៉ូតូមានកើនឡើង ទើបក្រុមហ៊ុនសម្រេចបើកសាខានៅទីនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អតិថិជន ដែលនៅក្បែរទីតាំងនេះ ។

ក្នុងឱកាសអបអរសាទរពិធីសម្ពោធហាងថ្មីនេះ លោក បេន កៀស្រ៊ីថា ណាកន បានថ្លែងថា «ថ្ងៃនេះយើងអបអរសាទរពិធីសម្ពោធហាងថ្មី ដែលជាសាខាទី១៨នៅទីក្រុងភ្នំពេញ ដូច្នេះមានសាខាសរុបទាំងអស់ចំនួន៧២នៅទូទាំងប្រទេស សំរាប់ឆ្លើយតបទៅនឹងតម្រូវការម៉ូតូ និងសេវាកម្មក្រោយពីលក់»

លោកបន្ដថា «លោក អ៊ឹង គីមហុង ក្នុងរយៈពេល៦ឆ្នាំនៃភាពជាដៃគូរពាណិជ្ជកម្មជាមួយក្រុមហ៊ុន អិន ស៊ី អិច និងភាពជោគជ័យក្នុង វិស័យ អាជីវកម្មម៉ូតូ ត្រូវបានទទួលស្គាល់ ហើយយើងមានសុទ្ធិដ្ឋិនិយមដែរថា គាត់នឹងគ្រប់គ្រងហាងនេះ ប្រកបទៅដោយប្រសិទ្ធភាពខ្ពស់»

លោកសង្ឃឹមយ៉ាងមុតមាំថា អតិថិជនទាំងអស់ដែលរស់នៅក្នុងតំបន់នេះ និងក្បែរៗនេះ នឹងទទួលបានសេវាកម្មថែទាំងម៉ូតូ ទាំងអស់គ្នា ក្រោយពីការដាក់ឱ្យដំណើរការ ហាងលក់ម៉ូតូហុងដា អ៉ឹង ប៉ោប៉ី នៅពេលនេះ។

ទន្ទឹមនឹងនោះដែរ លោក រីយុ តាកាហាស៊ិ (Mr. Ryo Takahashi) ជាប្រធានចាត់ការទូទៅនិងសម្របសម្រួលផ្នែកពាណិជ្ជកម្មម៉ូតូនៃ Asia Honda Motor Co.Ltd. បានមានប្រសាសន៍បន្ថែមក្នុងឱកាសនោះថា ក្រុមហ៊ុនហុងដានៅទូទាំងពិភពលោក បានបង្កើតនិងផ្សព្វផ្សាយចក្ខុវិស័យឆ្នាំ ២០៣០របស់ខ្លួនរួចមកហើយនៅក្នុងឆ្នាំ ២០១៧ បានប្តេជ្ញាចិត្តដើម្បី ពង្រីកលទ្ធភាពនៃជីវិតរបស់មនុស្សទាំងអស់ ហើយយើងកំពុអ៊ីងធ្វើការឆ្ពោះទៅរកការសម្រេចបានការងារនេះ។

ស្ថាបនិកក្រុមហ៊ុនហុងដា គឺលោក សុអិឈិរ៉ុ ហុងដា ជឿជាក់ថា «បច្ចេកវិទ្យាគឺសម្រាប់មនុស្ស» និង «មានប្រយោជន៍សម្រាប់មនុស្ស»។ អភិវឌ្ឍបច្ចេកវិទ្យា និងទទួលយកបច្ចេកវិទ្យា ហើយអភិវឌ្ឍអាជីវកម្មនៅទូទាំងពិភពលោក។

ឥឡូវនេះក្រុមហ៊ុនហុងដា គឺជាដៃគូអាជីវកម្មដ៏ជិតស្និទ្ធជាមួយក្រុមហ៊ុន អិន ស៊ី អិច ដែលបានផ្តល់នូវផលិតផលហុងដាជាច្រើន ដល់ប្រជាពលរដ្ឋកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២មកម្លេះ។ ផលិតផលរបស់ហុងដាបានក្លាយជាមធ្យោបាយដ៏សំខាន់ សំរាប់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោក អ៊ឹង គឹមហុង ជាម្ចាស់ហាង ល់ម៉ូតូហុងដា អុឹង ប៉ោប៉ី នៅទីក្រុងភ្នំពេញ បានថ្លែងថា ហាងរបស់លោក មានលក់ម៉ូតូម៉ាកហុងដាជាច្រើនប្រភេទ ធានាគុណភាពខ្ពស់ ជាពិសេសមានផ្ដល់នូវសេវាកម្មថែទាំ និងជួសជុលដោយជាងជំនាញៗដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវពីក្រុមហ៊ុន អិន ស៊ី អិច ព្រមទាំងមានលក់គ្រឿងបន្លាស់សុទ្ធរបស់ហុងដា ធានាថាមិនក្លែងក្លាយជូនដល់អតិថិជនទាំងអស់ទៀតផង៕