(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខកងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន លោក ថេង សុថុល ក្នុងនាមប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌចំការមន បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុត ដាច់ខាតត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបឱ្យបានក្រុមជនក្បត់ជាតិ ដោយមានទណ្ឌិត សម រង្ស៊ី ជាមេខ្លោង ដែលកំពុងបង្កចលាចលប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត ដោយត្រៀមខ្លួនជាស្រេច ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ មិនឱ្យនរណាមកជាន់ឈ្លី និងប្រមាថបាននោះឡើយ។

ថ្លែងក្នុងគោលជំហរ និងបទបញ្ជាដ៏មុតស្រួចបែបនេះ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលលោក ថេង សុថុល បានអញ្ជើញជួបសំណេះសំណាល ចែកជូនមី ទឹកសុទ្ធ និងថវិកា ដល់កងកម្លាំងទាំង២ប្រភេទ ជាង២០០នាក់ នៅកោះពេជ្រ។

លោកបានបន្តថា ដើម្បីរក្សារបៀបរៀបរយ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកកំសាន្តសប្បាយនៅក្នុងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ សូមឱ្យកងកម្លាំងទាំងអស់ ត្រូវអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋ ដែលបានមកលេងនៅក្នុងព្រះរាជពិធីបុណ្យនេះ។

ការជួបសំណេះសំណាលនេះ ជាការលើកទឹកចិត្ត ក្រោមការយកចិត្តទុកខ្ពស់ពីសំណាក់លោកអភិបាលរាជធានី ចំពោះកងកម្លាំងប្រដាប់អាវុធ ក្នុងការការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលមកកំសាន្តសប្បាយ នៅក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងបុណ្យអំទូក ពិសេសត្រៀមខ្លួនជាស្រេចទប់ស្កាត់ និងកម្ទេច រាល់ទង្វើទាំងឡាយណា ដែលបង្កអោយមានភាពវឹកវរ ចលាចលក្នុងសង្គម ដូចជនក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក កំពុងបង្កចលាចលម្តងហើយម្តងទៀត ជាដើមនោះ។

លោកអភិបាលខណ្ឌបានថ្លែងប្រកាសជាថ្មីទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធ គឺនៅស្វាគមន៍ ដោយចាត់វិធានការតាមផ្លូវច្បាប់ និងរៀបចំបន្ទប់ពន្ធនាគាររង់ចាំទទួលស្វាគមន៍ បើសិនជនក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក៕