(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត នាថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ និងសមាជិក សមាជិកាគណៈកម្មាធិការសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាគ្មានទីពឹង ចំនួន៣០០នាក់ មកពីស្រុកអង្គរជ័យ ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច នៅវិទ្យាល័យទូកមាស ស្ថិតក្នុងឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ក្នុងពិធីចែកអំណោយនោះ លោកអភិបាលខេត្តកំពត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខ ដោះស្រាយសម្រាលការលំបាករបស់ប្រជាពលរដ្ឋទាន់ពេលវេលា។

លោកអភិបាលក៏បានស្នើសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ ដោយជំនួយមនុស្សធម៌មានចំនួនតិចតួច មិនបានសមស្របទៅនឹងទំហំនៃការខ្វះខាតរបស់បងប្អូនឡើយ។ ប៉ុន្តែទោះជាយ៉ាងណា ក៏អំណោយនេះអាចជួយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋយើងបានមួយរយៈផងដែរ។

លោក ជាវ តាយ ក៏បានបន្តសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខិតខំតស៊ូប្រកបរបរចិញ្ចឹមជីវិតជាបន្តទៀត, ត្រូវប្រុងប្រយ័ត្នខ្ពស់ អំពីបញ្ហាអនាម័យសុខភាព គឺត្រូវហូបទឹកឆ្អិន ហូបស្អាត រស់នៅស្អាត។ រស់នៅស្អាត គឺផ្ទះសម្បែងត្រូវបោសសម្អាត ឱ្យបានជាប្រចាំ ត្រូវមានបង្គន់អនាម័យ, ស្នើសុំមានការប្រយងប្រយ័ត្នចំពោះភ្លើងចង្ក្រាន ភ្លើងទៀនធូប ដើម្បីជៀសវាងពីគ្រោះអគ្គីភ័យ, ស្នើសុំបងប្អូនទាំងអស់ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយធ្វើការអប់រំណែនាំបងប្អូនកូនចៅ ឱ្យគោរពច្បាប់ចរាចរណ៍ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់លោកតា លោកយាយ អុំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលរួមជាមួយនិងចលនាឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំដោយឧក្រិដ្ឋជន សម រង្ស៉ី និងបក្សពួក ដែលជាការបំផ្លាញនូវសុខសន្តិភាព របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយនៅថ្ងៃទី ៩ វិច្ឆិកា ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមពិសារអំបុក ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅតាមមូលដ្ឋាននីមួយៗ របស់បងប្អូន។

ចំពោះអំណោយដែលបានចែកជូននាថ្ងៃនេះ រួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ និងថវិកាសរុប ៦លានរៀល ដោយក្នុងមួយគ្រួសារទទួលបានថវិកា ២ម៉ឺនរៀល៕