(ភ្នំពេញ)៖ លោក អប់ រ៉ាឌី ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវឲ្យបងប្អូនអាជីវករ លក់គុយទាវទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ដែលមានបំណងចង់ប្រើប្រាស់ ម៉ាកសមូហភាព «គុយទាវភ្នំពេញ» សូមធ្វើការទាក់ទងទៅសមាគមចុងភៅកម្ពុជា ដើម្បីសុំសិទ្ធិអនុញ្ញាតក្នុងការប្រើប្រាស់។
ថ្លែងក្នុងកិច្ចសម្ភាស កម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News លោក អប់ រ៉ាឌី បានបញ្ជាក់ថា «បើសិនណា បងប្អូនអាជីវករលក់គុយទាវ ដែលគាត់មានបំណង ចង់ប្រើប្រាស់ម៉ាកសមូហភាព គុយទាវភ្នំពេញ ត្រូវទាក់ទងទៅសមាគមចុងភៅកម្ពុជា និងត្រូវសុំសិទ្ធិអនុញ្ញាត ក្នុងការប្រើប្រាស់សិទ្ធិម៉ាកសមូហភាព «គុយទាវភ្នំពេញ»។
ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានបញ្ជាក់ទៀតថា ក្នុងករណីបើគាត់មិនបំពេញលក្ខខណ្ឌតម្រូវទេ ខាងសមាគមមានកម្មវិធី ឬក៏វគ្គបណ្ដុះបណ្ដាល ក្នុងការចម្អិនគុយទាវភ្នំពេញផងដែរ។
ជាមួយគ្នានោះ ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា រូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា វិស័យគុយទាវ នឹងរីកដុះដាល ហើយម៉ាកសមូហភាព «គុយទាវភ្នំពេញ» វានឹងកាន់តែល្បីៗទៅ ហើយវាក្លាយជាម៉ាកមួយ ដែលវាល្បីនៅក្នុងកម្រិតជាតិ កម្រិតតំបន់ និងកម្រិតអន្ដរជាតិ។
លោក អប់ រ៉ាឌី បានបន្ថែមទៀតថា ម៉ាកសមូហភាព «គុយទាវភ្នំពេញ» បង្កើតឡើងក្នុងគោលបំណង ជួយជំរុញឲ្យវិស័យគុយទាវ មានភាពល្អប្រសើរឡើង និងបង្កើតជាគំរូអាជីវកម្មមួយ ដើម្បីបង្កលក្ខខណ្ឌមួយងាយស្រួលឲ្យអាជីវករ ក្នុងការលក់គុយទាវ ទទួលបានផលកម្រៃពីម៉ាកសមូហភាព «គុយទាវភ្នំពេញ»។
សូមបញ្ជាក់ថា ម៉ាកសមូហភាព «គុយទាវភ្នំពេញ» ជាប្រភេទយីហោអាជីវកម្មលើកដំបូង មានភ្ជាប់ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យគុណភាព និងស្តង់ដារអនាម័យជាក់លាក់ នៅក្រោមការឧបត្ថម្ភពី អង្គការកម្មសិទ្ធិបញ្ញា ពិភពលោក (WIPO) និងមានកិច្ចសហការគ្នាពី សមាគមចុងភៅកម្ពុជា រួមជាមួយជំនាញការជាតិ និងអន្តរជាតិ ដែលក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យដំណើរការ នាពេលថ្មីៗនេះ។
ការដាក់ឲ្យដំណើរការ ម៉ាកសមូហភាព «គុយទាវភ្នំពេញ» នេះ ធ្វើឡើងដើម្បីពង្រឹងការអភិវឌ្ឍគំរូអាជីវកម្ម និងលើកកម្ពស់កិត្តិនាមរាជធានីភ្នំពេញ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរ ឲ្យចូលមកទស្សនាកម្ពុជា។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវ និងលើកទឹកចិត្ត ដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ ចូលជាសមាជិកសមាគមចុងភៅកម្ពុជា ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ម៉ាកសមូហភាព «គុយទាវភ្នំពេញ» ស្របច្បាប់ និងការគាំទ្របច្ចេកទេសផ្សេងៗ។
លោករដ្ឋមន្ដ្រីបានបន្ដថា ការធ្វើបែបនេះ សំដៅរួមចំណែកអភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញា និងទេសចរណ៍ តាមរយៈការផ្តល់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនូវបទពិសោធន៍ថ្មី និងរសជាតិគុយទាវដ៏ឈ្ងុយឆ្ងាញ់ នៃគំរូអាជីវកម្មហ្វ្រេនឆាយ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយអង្គការ WIPO និងវិស័យឯកជន៕