(ភ្នំពេញ)៖ ខណៈដែលរាជរដ្ឋាភិបាលខិតខំសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី កាត់បន្ថយការចំណាយ និងផលប៉ះពាល់ដល់បរិស្ថាននោះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអំពាវនាវយ៉ាងទទូចឱ្យម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាសតូចធំនានា ចូលរួមប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពទាំងអស់គ្នា ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន សន្សំសំចៃថវិកាខ្លួនឯងផង និងថវិការដ្ឋផងដែរ។

ការអំពាវនាវយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី ការកាត់បន្ថយហានិភ័យសម្រាប់ការវិនិយោគលើប្រសិទ្ធភាពថាមពលក្នុងវិស័យកម្មន្តសាល នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

លោក សាត សាមី បានឱ្យដឹងថា ប្រសិនបើម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាសអនុវត្តប្រសិទ្ធភាពថាមពលបានសម្រេច គឺផ្ដល់ផលចំណេញយ៉ាងតិចមាន៣ចំណុច៖
* ចំណេញសម្រាប់ខ្លួនឯង៖ សន្សំសំចៃថាមពល និងសន្សំចំចៃថវិកា ហើយក៏ធ្វើឱ្យអាជីវកម្មមាននិរន្តរភាពផងដែរ។
* ចំណេញសម្រាប់រដ្ឋ៖ រាជរដ្ឋាភិបាលមិនចាំបាច់បង្កើននូវប្រភពថាមពលផ្សេងទៀត ដែលប្រភពថាមពលខ្លះប៉ះពាល់ដល់បរិស្ថាន ដូចជាការទាញយកធ្យូងថ្មជាដើម។
* ចំណេញដល់បរិស្ថាន៖ នៅពេលដែលមិនមានការទាញយកប្រភពថាមពលពីធម្មជាតិ ដូច្នេះការប៉ះពាល់ដល់បរិស្ថានក៏គ្មានដែរ។

ម្យ៉ាងទៀត ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពនេះ ក៏ទទួលបានមកវិញនូវសុវត្ថិភាពសម្រាប់មនុស្សផងដែរ។

លោកបានលើកឡើងដំណោះស្រាយមួយថា សម្រាប់រោងចក្រ សហគ្រាសដែលនៅឆ្ងាយ គួរតែប្រើប្រាស់ម៉ាស៊ីនភ្លើងខ្លួនឯង ដើម្បីចែករំលែកថាមពលទៅដល់អ្នកប្រើប្រាស់ដែលនៅជិតស្ថានីយ។

លោកបានបន្តថា រយៈពេល១០ឆ្នាំមកហើយ ដែលរាជរដ្ឋាភិបាលបានខិតខំធ្វើកិច្ចការនានា ដើម្បីឱ្យការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពនេះប្រព្រឹត្តទៅដោយជោគជ័យ។

រដ្ឋលេខាធិការរូបនេះបានបញ្ជាក់ថា «ប្រសិនបើការកាត់បន្ថយការប្រើប្រាស់ថាមពល និងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពបន្តប្រព្រឹត្តទៅបានជោគជ័យទៀត កម្ពុជាមិនចាំបាច់មានស្ថានីយ៍ធ្យូងថ្មនោះឡើយ ដែលអាចកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាល និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ»។

បើតាមការអះអាងរបស់លោក សាត សាមី តាមរាយៈការប្រើប្រាស់ថាមពលនេះ កម្ពុជាមិនទាន់បង្កបញ្ហានាំឱ្យប៉ះពាល់ដល់បរិស្ថានក្នុងប្រទេសទាំងមូលនៅឡើយទេ ហើយរាជរដ្ឋាភិបាលនឹងព្យាយាមកាត់បន្ថយបញ្ហានានាពីការប្រើប្រាស់ថាមពលនេះ តាមលក្ខណៈបច្ចេកទេសជាជំហានៗ៕