(បាន់ដុង-ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួម កម្មវិធីបើកវេទិកាហ្សាកាត់ (ទ្រព្យបរិច្ចាគទាន) ពិភពលោក នៅទីក្រុងបាន់ដុង សាធារណរដ្ឋឥណ្ឌូនេស៊ី។

វេទិការលើកទី៨នេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា នៅទីក្រុងបាន់ឌុង សាធារណរដ្ឋឥណ្ឌូណេស៊ី ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ បណ្ឌិត MA’RUF AMIN អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

ប្រធានបទសំខាន់ៗ នឹងត្រូវយកមកពិភាក្សា ដូចជា ការពង្រឹងតួនាទី នៃវេទិកាហ្សាកាត់ពិភពលោក តាមរយៈយុគសម័យឌីជីថល, តួនាទីរបស់ធនាគាអភិវឌ្ឍន៍ឥស្លាម ក្នុងការជួយគាំទ្រការអភិវឌ្ឍហ្សាកាត់ឌីជីថល, ការគ្រប់គ្រងហ្សាកាត់ឌីជីថល, តួនាទីឌីជីថលហ្សាកាត់ នៅក្នុងគម្រោងជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឥស្លាម និងកាទូតហ្សាកាត់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌ពហុភាគី។

វេទិកានេះមានអ្នកចូលរួម ប្រមាណ៣៥០នាក់ រួមមាន វាគ្មិនអ្នកស្រាវជ្រាវ ថ្នាក់ដឹកនាំស្ថាប័នហ្សាកាតផ្សេងៗ មកពី៣៥ប្រទេស។ ជាមួយនេះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ នឹងអញ្ជើញធ្វើជាវាគ្មិន នៅក្នុងវេទិកានេះផងដែរ។

សូមជម្រាបថា វេទិកានេះ បានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០១០ ក្នុងគោលបំណង ជួយសម្របសម្រួលស្ថាប័នហ្សាកាត់ ក្នុងការគ្រប់គ្រងហ្សាកាត់ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសដើម្បីសុក្រឹត្យភាព ក្នុងការគ្រប់គ្រង និងផ្ដល់ជូនហ្សាកាត់ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

ហ្សាកាត់ គឺជាកាតព្វកិច្ចទី៤ របស់សាសនាឥស្លាម សម្រាប់អ្នកកាន់សាសនាឥស្លាមទូទាំងពិភពលោក ពោលអ្នកដែលមានទ្រព្យសម្បត្តិគ្រប់ចំនួន ដែលត្រូវដកហ្សាកាត់ ក្នុងរយៈពេលមួយឆ្នាំ ត្រូវដកចំនួន២.៥% នៃទ្រព្យសម្បត្តិដែលខ្លួនមានទៅតាមក្បួនច្បាប់ឥស្លាម ជូនដល់ជនក្រីក្រ ស្ត្រីមេម៉ាយ ក្មេងកំព្រា ចាស់ជរា និងអ្នកដែលមានសិទ្ធិទទួលបានហ្សាកាត់។

សូមបញ្ជាក់ថា ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងឱកាស នៃការស្នាក់នៅទីនោះ ទេសរដ្ឋមន្ត្រី នឹងជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយអនុប្រធានាធិបតីឥណ្ឌូនេស៊ី ព្រមទាំងថ្នាក់ដឹកនាំ ស្ថាប័នសំខាន់ៗផងដែរ៕