(បាត់ដំបង)៖ នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកស្រី សឿម យាប់ មេឃុំតាប៉ុន ស្រុកសង្កែ តំណាងប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដែលតែងជួយដោះស្រាយបញ្ហាទឹកជូនពួកគាត់ទាន់ពេលវេលា តាមរយៈលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំតាប៉ុន។

ជាមួយគ្នានេះ លោក ឡុង ផលគុណ បានលើកឡើងថា ក្នុងនាមលោកជាប្រធានមន្ទីរជំនាញ និងបានទទួលអនុសាសន៍ដឹកនាំពីលោករដ្ឋមន្រ្តី ដើម្បីចុះអនុវត្តការងារបម្រើប្រជាពលរដ្ឋ ក្នុងវិស័យធារាសាស្រ្ត នៅតាមគោលដៅអាងស្តុកទឹកនានា និងនៅតាមប្រឡាយមេក្នុងខេត្តបាត់ដំបងទាំងមូល។

លោកបន្ថែមថា បើតាមអនុសាសន៍របស់លោករដ្ឋមន្រ្តី ក៏បានណែនាំជាប្រចាំក្នុងការសន្សំសំចៃទឹកដោយបានអនុវត្តពេលអត់ទឹក គឺក្រុមការងារជំនាញ ចុះបូមទឹកចូលប្រឡាយមេបង្ហូរប្រឡាយរង ដើម្បីឲ្យប្រជាពលរដ្ឋទុកប្រើប្រាស់ប្រចាំថ្ងៃ តែបើមានទឹកជំនន់ឡើង គឺត្រូវបូមបញ្ចូលអាងស្តុកទឹកវិញ ដើម្បីស្តុកទឹក
ទុកនៅពេលរដូវប្រាំងខ្វះទឹកប្រើប្រាស់។

លោកបានបន្តទៀតថា ជាក់ស្តែងថ្ងៃនេះ លោក និងក្រុមការងារបានចុះមកពិនិត្យមើលទីតាំងបូមទឹកអាងវិញ នៅចំណុចប្រព័ន្ធធារាសាស្រ្ត អាងស្តុកទឹកបាដាក គឺជាអាងទឹកបុរាណមួយ ដែលបានកសាងឡើងយូរណាស់មកហើយ ដែលមានទីតាំងស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង និងមានចំងាយ ពីក្រុងបាត់ដំបហប្រហែល១៣គីឡូម៉ែត្រ នៅប៉ែកខាងកើត។

អាងទឹកបាដាកនេះ មានផ្ទៃក្រឡាប្រហែលជាជាង១៩ហិកតា មានភ្លឺព័ទ្ធជុំវិញបណ្តោយប្រវែង១,៨០០ម៉ែត្រ, កម្ពស់៣ម៉ែត្រ។ អាងទឹកបាដាកនេះ រក្សាទឹកទុកសម្រាប់ការបង្កបង្កើនផល នៅរដូវសម្រក និងវាទទួលយកទឹក នៅរដូវជំនន់ បានជួសជុលស្តារឡើងវិញដោយថវិការាជរដ្ឋាភិបាល នៅឆ្នាំ២០១២មក និងបានទទួលថវិការាជរដ្ឋាភិបាល សម្រាប់កិច្ចដំណើរការ និងការងារជួសជុលថែទាំប្រចាំ ចាប់ពីឆ្នាំ២០១៥មក។

សហគមន៍កសិករប្រើប្រាស់ទឹកត្រូវបានបង្កើតនាឆ្នាំ២០១២ ដោយអាជ្ញាធរមូលដ្ឋាន និងបានចុះបញ្ជីនៅមន្ទីរធនធានទឹក និងឧតុនិយមនៅឆ្នាំ២០១២។ ផ្ទៃដីស្រែវស្សា៣០៨ហិកតា ស្រែប្រាំង២០០ហិកតា មានពលរដ្ឋ៦០២គ្រួសារ មនុស្សរាយ៣,០១០នាក់ ស្រី១,៨០៧នាក់ នៅជុំវិញអាងនេះ៕