(ភ្នំពេញ)៖ លោក ហោ ណាំបូរ៉ា អគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសរសេរលិខិតមួយ សម្តែងការប្រតិកម្មចំពោះ លោក Darmawan Triwibowo ប្រធានមូលនិធិ Kurawal (Kurawal Foundation) ដែលបានចែកចាយ ព័ត៌មានមិនពិតអំពីកម្ពុជា។
លោក Darmawan Triwibowo បានមានគម្រោងរៀបចំពិធីទទួលទានអាហារថ្ងៃត្រង់ គម្រោងពិភាក្សាគ្នាជាមួយ លោកស្រី មូរ សុខហួរ នៅឯសណ្ឋាគារ JS Luwansa ក្នុងរដ្ឋធានីហ្សាកាតា នៅថ្ងៃស្អែកនេះ ប៉ុន្តែក្នុងលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍នោះបានឆ្លៀតវាយប្រហារលើប្រទេសកម្ពុជា។
ក្នុងលិខិតរបស់ខ្លួនអគ្គរាជទូតកម្ពុជា បានថ្លែងប្រាប់ប្រធានមូលនិធិ Kurawal ថា៖ «ខ្ញុំចង់ជម្រាបជូនលោកឲ្យបានដឹងថា ក្នុងលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍នេះ មានចំណុចខុសឆ្គងធំមួយ។ លោកបានលើកឡើងថា ប្រទេសកម្ពុជាគឺជា «រដ្ឋផ្តាច់ការបែបឯកបក្ស»។ ខ្ញុំសូមបញ្ជាក់ថា គណបក្សនយោបាយចំនួន២០ រួមទាំងគណបក្សគណបក្សកាន់អំណាច CPP បានចូលរួមក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៨ នៅក្នុងប្រទេសកម្ពុជា ពោលគឺយើងមានប្រព័ន្ធ នយោបាយពហុបក្ស ខណៈមានប្រជាពលរដ្ឋជាង៨៣ភាគរយ បានចូលរួមបញ្ចេញសំឡេងឆ្នោតរបស់ពួកគេនាពេលនោះ។ ហេតុអ្វីបានជាលោកចែកចាយ ព័ត៌មានមិនពិតអំពីកម្ពុជាបែបនេះទៅវិញ?»។
អគ្គរាជទូតកម្ពុជាបានបញ្ជាក់ទៀតថា «ម៉្យាងវិញទៀតនោះ លោក (Darmawan Triwibowo) ក៏កំពុងតែរៀបចំទទួលស្វាគមន៍ លោកស្រី មូរ សុខហួរ ជាជនល្មើសដែលបានគេចខ្លួនពីកម្ពុជា ហើយលោកថែមទាំងកំពុងសហការជាមួយលោកស្រីថែមទៀត ខណៈសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួន លោកស្រី មូរ សុខហួរ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។ ដូច្នេះហើយវាហាក់ដូចជាមិនត្រឹមត្រូវទាល់តែសោះ ចំពោះការដែលលោក និងមូលនិធិ Kurawal រៀបចំទទួលស្វាគមន៍លោកស្រីបែបនេះ»។
លោកស្រី មូរ សុខហួរ បានអះអាងថា ពេលនេះលោកស្រីបានទៅដល់ប្រទេសឥណ្ឌូនេស៊ីផងដែរ ដើម្បីត្រៀមអមដំណើរ លោក សម រង្ស៉ី ចូលមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថា ជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕