(ត្បូងឃ្មុំ)៖ ថ្លែងនៅចំពោះមុខកងកម្លាំងនគរបាលទាំងអស់ ដែលបង្ហាញនូវភាពស្វាហាប់មានស្មារតី និងជំហររឹងមាំ និងពោរពេញដោយឆន្ទៈនោះ លោក ជាម ច័ន្ទសោភ័ណ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុត ដាច់ខាតត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបឱ្យបាននូវក្រុមជនក្បត់ជាតិ ដោយមានទណ្ឌិត សម រង្ស៊ី ជាមេខ្លោង ដែលកំពុងបង្កចលាចល ប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត ដោយត្រៀមខ្លួនជាស្រេចដើម្បី ការពារ ជាតិ សាសនា ព្រះមហាក្សត្រ មិនឱ្យនរណាមកជាន់ឈ្លី និងប្រមាថបាននោះឡើយ។
ថ្លែងក្នុងគោលជំហរ និងបទបញ្ជាដ៏មុតស្រួចបែបនេះ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលលោក ជាម ច័ន្ទសោភ័ណ និងលោកស្រី ព្រមទាំងអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អញ្ជើញចុះជួបសំណេះសំណាល ចែកជូនស្បៀងអាហារ និងថវិកា ក្នុងម្នាក់៥ម៉ឺនរៀល ដល់កងកម្លាំងនគរបាល ជាង៦០០នាក់ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
ការចុះសំណេះសំណាលនេះ ជាការលើកទឹកចិត្ត ក្រោមការយកចិត្តទុកខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ចំពោះកងកម្លាំងប្រដាប់អាវុធ ក្នុងការការពារសុខសុវត្ថិភាពជូនប្រទេសជាតិ និងត្រៀមខ្លួនជាស្រេចទប់ស្កាត់ និងកម្ទេច រាល់ទង្វើទាំងឡាយណា ដែលចង់ឱ្យជាតិធ្លាក់ ចូលភ្លើងសង្គ្រាមជាថ្មី ដូចជនក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក កំពុងបង្កចលាចលម្តងហើយម្តងទៀត ជាដើមនោះ។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងប្រកាសជាថ្មីទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទូទាំងខេត្ត គឺនៅស្វាគមន៍ ដោយចាត់វិធានការតាមផ្លូវច្បាប់ និងរៀបចំបន្ទប់ពន្ធនាគាររង់ចាំទទួលស្វាគមន៍ បើសិនជនក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ហ៊ានឈានជើងជាន់ចូលទឹកដីខេត្តត្បូងឃ្មុំ៕