(ស្វាយរៀង)៖ ឈ្មួញជនជាតិវៀតណាម ដឹកជ្រូកចំនួន ៣០០ក្បាល តាមរថយន្ត៤គ្រឿង វង្វេងចូលដីខ្មែរ ជិតច្រកទ្វាព្រំដែនទ្វេrភាគីបុស្សមន ឃុំបុស្សមន ស្រុករំដួល ត្រូវសមត្ថកិច្ចការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បង្ក្រាបយកមកសួរនាំ ស្រាប់តែមានអ្នកចេញមុខដោះស្រាយប្រាប់ថា ជ្រូកខ្មែរទេ គឺជ្រូកក្រុមហ៊ុន ស៊ីភី ដឹកមកលក់ឱ្យវៀតណាម នាំចេញទៅប្រទេសវៀតណាម ហើយទំនងវង្វេងផ្លូវរកចេញទៅវៀតណាមអត់ឃើញ។
ការបង្ក្រាបជ្រូកវៀតណាមនេះ កើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចជិតច្រកទ្វាព្រំដែន ទ្វេរភាគីបុស្សមន ស្ថិតនៅឃុំបុស្សមន ស្រុករំដួល ខេត្តស្វាយរៀង។ រថយន្តដឹកជ្រូក ៣០០ក្បាល នោះរួមមានរថយន្តទី១៖ ម៉ាក ហីយិនដាយ ពាក់ស្លាកលេខវៀតណាម 60C.371.47, រថយន្តទី២៖ ពាក់ស្លាកលេខ 60C270.02, រថយន្តទី៣៖ ពាក់ស្លាកលេខ 60C310.04 និងរថយន្តទី៖ ៤ពាក់ស្លាកលេខ 61C.360.69 អ្នកបើកបរជនជាតិវៀតណាម និងអ្នករួមដំណើរ ១២នាក់ ផ្សេងទៀត។
ទាក់ទិនករណីខាងលើនេះដែរ លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានថ្លែងប្រាប់ឱ្យដឹងថា ក្រោយពីសមត្ថកិច្ចក្រុមចល័ត នៃការិយាល័យជំនាញ នៃមន្ទីរកសិកម្មខេត្ត ចុះល្បាតបានជួបរថយន្តជនជាតិវៀតណាម ចំនួន០៤គ្រឿង កំពុងធ្វើចរាចរណ៍នៅលើដងផ្លូវ ចំណុចជិតច្រកទ្វាព្រំដែនទ្វេរភាគីបុស្សមន ឃុំបុស្សមនស្រុករំដួល ដែលមានជ្រូកប្រមាណ ៣០០ក្បាល សង្ស័យថាជ្រូកវៀតណាម ទើបបញ្ជូនមកកាន់មន្ទីរកសិកម្មខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរដោយជនជាតិវៀតណាម ទាំងនោះពុំមានម្នាក់ណាចេះភាសាខ្មែរសោះ។
ក្រោយពីពិនិត្យ និងសាកសួរ ក៏មានអ្នកមកចូលដោះស្រាយ ដោយអះអាងថា ជាជ្រូកខ្មែរ គឺជ្រូករបស់ក្រុមហ៊ុន «ស៊ីភី» ដោយមានច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុន ស៊ីភី នាំចេញពីខេត្តកំពង់ស្ពឺ មកចែកចាយក្នុងខេត្តស្វាយរៀង ក៏ប៉ុន្តែបុគ្គលិកក្រុមហ៊ុន ស៊ីភី បានលក់ទៅឱ្យឈ្មួញវៀតណាម នាំចេញទៅប្រទេសវៀតណាម ដោយតម្លៃជ្រូកនៅប្រទេសវៀតណាម ថ្លៃជាងជ្រូកស្រុកខ្មែរ។ ជ្រូករស់ក្នុង១គីឡូ តម្លៃ២,៥០ដុល្លារ ឬ១ម៉ឺនរៀល ហើយនៅប្រទេសវៀតណាម ជ្រូករស់១គីឡូ តម្លៃ២ដុល្លារ៩កាក់។
ដោយវៀតណាម ចូលមកទិញជ្រូកខ្មែរ ហើយគ្មានច្បាប់នាំចេញទើបឃាត់មកសាកសួរ និងបូមឈាមជ្រូក ទៅនាយកដ្ឋានផលិតកម្មសត្វ នៅរាជធានីភ្នំពេញ ដើម្បីចូលមន្ទីរពិសោធពិនិត្យប្រសិនបើគ្មានផ្ទុកមេរោគទេមន្ទីរ និងប្រគល់ឱ្យម្ចាស់យកទៅលក់ចែកចាយក្នុងខេត្តស្វាយរៀង មិនអនុញ្ញាតិ ឱ្យនាំចេញទៅប្រទេសវៀតណាមទេ ហើយបើមានផ្ទុកមេរោគយើងនឹងកម្ទេចចោល។
ប្រភពដដែលបានបន្តថា រហូតមកដល់វេលាម៉ោង១៖០០នាទី រសៀលថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០១៩នេះ ជ្រូកដែលចាប់មកនោះងាប់អស់៦០ក្បាល ហើយនឹងបានកប់ចោលចំនួន៤០ក្បាល នាព្រឹកថ្ងៃទី៥ វិច្ឆិកានេះ និង២០ក្បាលទៀត កំពុងត្រៀមយកទៅកប់ចោលទៀត។
ទោះបីយ៉ាងណា មហាជនបានដាក់ការសង្ស័យថា ជាជ្រូកវៀតណាម មិនមែនជាជ្រូកខ្មែរទេ ដោយពួកគាត់បង្ហើបឱ្យដឹងថា កន្លងមកគេឃើញ វៀតណាម ដឹកជ្រូកវៀតណាម ចូលមកស្រុកខ្មែរ តាមច្រកទ្វាព្រំដែនតំបន់ខ្សែដែក ឃុំត្រស់ ស្រុករមាសហែក ហើយទំនងអ្នកបើកបរ រថយន្តវៀតណាម វង្វេងផ្លូវទើបបើកមកចូលតាមច្រកទ្វា ព្រំដែនបុស្សមន ក៏ត្រូវមន្ត្រីពេទ្យសត្វចុះបង្ក្រាបតែម្តង។
ដោយការដឹកជ្រូកខុសច្បាប់ទើបដឹកចេញចូលតែនៅពេលយប់ ហើយសមត្ថកិច្ចឈជើងតាមច្រកទ្វាព្រំដែន សម្រួលឱ្យចេញចូលយ៉ាងរលូន ហើយអ្វីដែលព្រួយបារម្មណ៍ ក្នុងជ្រូក៣០០ក្បាល មានជ្រូកងាប់៤០ក្បាល មិនដឹងថា ជាជ្រូកឈឺ ឬយ៉ាងណាទេ ហើយបើនាំជ្រូកឈឺងាប់ ចូលមកពីវៀតណាម មកលកនៅផ្សារក្នុងខេត្តស្វាយរៀងវិញនោះ មិនដឹងថាប៉ះពាល់សុខភាព អ្នកបរិភោគសាច់ជ្រូក ឬយ៉ាងណានោះទេ ទានរថយន្តវៀតណាម បើកចូលយ៉ាងរលូនតែម្តងហើយទាន៕