(ភ្នំពេញ)៖ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានកិត្តិយស នៃសមាគមអតីតនិស្សិតសាកលវិទ្យាល័យឆាលស្ទឺតកម្ពុជា បានថ្លែងថា សុខសន្តិភាព គឺជាបុព្វលក្ខខណ្ឌមួយមិនអាចខ្វះបានឡើយ សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។
លោកបណ្ឌិត បានថ្លែងបែបនេះ នៅក្នុងឱកាសលោកអញ្ជើញជាអធិបតី ក្នុងកម្មវិធីលាងសាយភោជន៍របស់សមាគមប្រចាំឆ្នាំ២០១៩ នៅរាត្រីថ្ងៃទី០៤ ខែវិច្ឆិកា។
កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានថ្លែងថា ប្រជាជនកម្ពុជាទូទាំងប្រទេសបាន និងកំពុងទទួលអត្ថប្រយោជន៍ពីសុខសន្តិភាពពេញបរិបូរណ៌លើផ្ទៃប្រទេស ដែលជាអត្ថមនុញ្ញផលពីនយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញ និងដឹកនាំអនុវត្តផ្ទាល់ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោកបញ្ជាក់ថា «សុខសន្តិភាពនេះ គឺជាបុព្វលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម- និងសេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនយើង កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ»។
បើតាមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ កត្តាសុខសន្តិភាពនេះហើយ ដែលបានជួយជំរុញកម្ពុជា ស្គាល់នូវវិបុលភាព និងវឌ្ឍនភាពគ្រប់កម្រិត។ លើសពីនេះ ផ្អែកតាមយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា សំដៅក្តាប់យកមកវិញមោទនភាពជាតិដែលធ្លាប់រុងរឿងពីអតីតកាល និងកសាងជាតិទំនើបមួយដ៏រស់រវើក រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ ដោយត្រូវផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញពេញមួយជីវិត ក្នុងគោលបំណងកសាងធនធានមនុស្សមានគុណភាពបច្ចេកវិទ្យា និងនវានុវត្តន៍ប្រកបដោយចំណេះដឹង អំណត់ធន និងសីលធម៌ ដែលជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយបរិយាប័ន្ន ទាំងនៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគតយូរអង្វែង។
លោកបន្តថា «ការជួបជុំគ្នារបស់យើងនារាត្រីនេះ អាចធ្វើទៅបានក៏ព្រោះតែប្រទេសកម្ពុជាយើងមានសុខសន្តិភាពបរិបូរណ៌។ ឫសគល់នៃស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ទំនាក់ទំនងការទូត បានកើតចេញពីការដឹកនាំដ៏វៃឈ្លាស ប្រកបដោយគតិបណ្ឌិត ទេពកោសល្យដ៏ប៉ិនប្រសប់ មានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ ហើយប្រាកដនិយម របស់សម្តេចតេជោនាយករដ្ឋមន្ត្រី»។
ឧកញ៉ា ស៊ុន សុខណា ប្រធានសមាគម បានថ្លែងថា ក្នុងឆ្នាំ២០១៩នេះ សមាគមបានធ្វើសកម្មភាពជួយសង្គមជាច្រើន។ លោកអះអាងថា ការងារសង្គមទាំងអស់នោះ សុទ្ធតែកើតចេញពីសណ្តាចិត្តដ៏ប្រពៃរបស់សមាជិកទាំងមូល។
លោកបញ្ជាក់ថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានរួមចំណែកនៅក្នុងសកម្មភាពនេះ និងសូមលើកទឹកចិត្តដល់បងប្អូន ឲ្យបន្តនូវការងារនេះបន្តទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់សង្គមជាតិយើង»៕