(ប៉ៃលិន)៖ ដោយមានការសម្របសម្រួល និងរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ និងសមាគមមៀន ចំនួន៣ខេត្ត គឺខេត្តប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥ ខែវិច្ចិកា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំពិភាក្សាថ្នាក់ក្រោមជាតិ ដើម្បីរកដំណោះស្រាយ បញ្ហារបាំងបច្ចេកទេស និងលិខិតបញ្ជាក់ (១៖ GAP: ការអនុវត្តកសិកម្មល្អ, ២៖ GMP: ការវេចខ្ចប់ទំនិញ, ៣៖ ISO 22000: ការបញ្ជាក់ពីស្តង់ដារទំនិញ) ដែលធ្វើឲ្យរាំងស្ទះ ដល់ការនាំចេញផ្លែមៀនប៉ៃលិន ទៅក្រៅប្រទេស។
លោក ផាន់ ចាន់ធុល បានលើកឡើងថា បច្ចុប្បន្ននេះ ផ្លែមៀនប៉ៃលិន មានបរិមាណកើនឡើងជារៀងរាល់ឆ្នាំ ដូច្នេះអាជ្ញាធរខេត្ត ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ គឺកំពុងជួយសម្របសម្រួល និងបើកផ្លូវឲ្យការនាំចេញ ផ្លែមៀនប៉ៃលិន ទៅលក់នៅក្រៅប្រទេស ប៉ុន្តែបានជួបប្រទះនូវបញ្ហារាំងស្ទះមួយចំនួន ដូចជា៖ បញ្ហារបាំងបច្ចេកទេស និងលិខិតបញ្ជាក់ (១៖ GAP: ការអនុវត្តកសិកម្មល្អ, ២៖ GMP: ការវេចខ្ចប់ទំនិញ, ៣៖ ISO 22000: ការបញ្ជាក់ពីស្តង់ដារទំនិញ) ដែលតម្រូវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ចូលរួមដោះស្រាយជាបន្ទាន់ ព្រោះបញ្ហានេះ ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចរបស់ប្រជាកសិករដាំដុះដំណាំមៀនប៉ៃលិន។
លោកអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរដល់សមាគមមៀនប៉ៃលិន ទាំង៣ខេត្ត ដែលបានខិតខំរួមចងក្រងគ្នាជាសមាគម និងចូលរួមលើកស្ទួយគុណភាពកសិផលខ្មែរ សម្គាល់ភូមិសាស្ត្រ ហើយត្រូវរួមគ្នាផលិតផ្លែមៀន ឲ្យបានបរិមាណច្រើន ព្រមទាំងមានគុណភាព អនាម័យ ស្រមតាមស្តង់ដា និងតម្រូវការទីផ្សារអន្តរជាតិផងដែរ។
ក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល ក៏បានស្នើដល់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំឯកសារ ទៅក្រសួងសាមីរបស់ខ្លួន ដើម្បីត្រៀមកិច្ចប្រជុំអន្តរក្រសួង នាពេលខាងមុខ ក្នុងធ្វើការដោះស្រាយនូវបញ្ហា នាំចេញផ្លែមៀនប៉ៃលិននេះ ឲ្យទទួលបានជោគជ័យ។
បើតាមរបាយការណ៍របស់លោក សុខ សាធីម ទីប្រឹក្សាក្រសួងពាណិជ្ចកម្ម និងជាប្រធានមន្ទីរពាណិជ្ចកម្ម ខេត្តប៉ៃលិន បានឲ្យដឹងថា បច្ចុប្បន្នក្នុង១ឆ្នាំ ក្រុមហ៊ុន ឆាយណា ជីនវ័រយន្ត អ៊ីមផត អិចផត (ខេមបូឌា) បានបញ្ជាទិញផ្លែមៀនប៉ៃលិន ពីខេត្តចំនួន៨ មានដូចជា៖
១៖ ខេត្តប៉ៃលិន ចំនួន២០ពាន់តោន
២៖ ខេត្តបាត់ដំបង ចំនួន២៥ពាន់តោន
៣៖ ខេត្តបន្ទាយមានជ័យ ចំនួន១០ពាន់តោន
៤៖ ខេត្តពោធិ៍សាត់ ចំនួន៣ពាន់តោន
៥៖ ខេត្តព្រះវិហារ ចំនួន២ពាន់តោន
៦៖ ខេត្តកំពង់ចាម ចំនួន៣ពាន់តោន
៧៖ ខេត្តរតនៈគីរី ចំនួន៣,៥០០តោន
និង៨៖ ខេត្តកំពង់ធំ ចំនួន៣ពាន់តោន សរុបចំនួន៦៩,៥០០តោន គិតជាទឹកប្រាក់ចំនួន ៧០,៥៧០,៥០០ដុល្លារ៕