(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធសរុបជិត២ម៉ឺននាក់ ដើម្បីថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាម អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះយ៉ាងដូច្នេះថា៖ «កម្លាំងចម្រុះសរុបទាំងអស់សម្រាប់ប្រើប្រាស់ ការពារបុណ្យអុំទូក និងបុណ្យឯករាជ្យ ប្រមាណជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ»។
លោកបន្តថា ក្រៅពីកម្លាំងប្រដាប់អាវុធជិត២ម៉ឺននាក់នេះ រាជរដ្ឋាភិបាលបានត្រៀមកម្លាំងពិសេសផ្សេងទៀត ដើម្បីត្រៀមការពារ និងអន្ដរាគមន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដើម្បីត្រៀមចាប់ខ្លួនជនដែលមានដីការតុលាការ។
ឆ្លើយតបនឹងការលើកឡើងថា រាជរដ្ឋាភិបាលប្រើប្រាស់កម្លាំងប្រដាប់អាវុធច្រើនជាងបណ្ដាឆ្នាំកន្លងទៅ ត្រូវបាន ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អះអាងថា មិនមានអ្វីច្រើននោះទេ ពោលគ្រាន់តែបណ្ដាឆ្នាំកន្លងទៅ ពិធីបុណ្យឯករាជ្យជាតិ មិនជាប់គ្នាជាមួយព្រះរាជពិធីបុណ្យអុំទូកឡើយ ប៉ុន្ដែឆ្នាំនេះបុណ្យឯករាជ្យ គឺជាប់គ្នាជាមួយថ្ងៃបុណ្យអុំទូក ហេតុដូច្នេះទើបសមត្ថកិច្ចប្រើប្រាស់កម្លាំងសរុបរួមតែម្ដង។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានសង្កត់ធ្ងន់ទៀតថា ចំនួនកងកម្លាំងដែលការពារសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ មិនបានបូកបញ្ចូលកម្លាំងត្រៀមពិសេសផ្សេងទៀត ដើម្បីអនុវត្តដីកាចាប់ជនក្បត់ជាតិ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញនោះឡើយ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ទៀតថា ការបន្ថែមកម្លាំងក៏ស្របពេលដែល មានការប្រកាសរបស់ក្រុមឧទ្ទាមក្បត់ជាតិ ប្រកាសថា នឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាផងដែរ។ លោកបានសង្កត់ធ្ងន់ថា ចំនួនកងកម្លាំងប្រដាប់អាវុធជិត២ម៉ឺននាក់នេះ គឺគ្រប់គ្រាន់សម្រាប់ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក៕