(ស្វាយរៀង)៖ លោកឧត្តមសេនីយត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងលោក លឹម សៀងហេង អភិបាលក្រុងបាវិត បានអញ្ជើញប្រកាសតែងតាំងលោក ខាំ ណាន ជាមេបញ្ជាការកងរាជអាវុធហត្ថក្រុងបាវិត ជំនួសលោក ឡឹក ចំរើន ដែលទទួលតំណែងជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត។
ពិធីប្រកាសនេះ មានការចូលរួមពីលោក លោកស្រី ជាមេបញ្ជាការកងរាជអាវុធហត្ថទាំង៨ស្រុក-ក្រុង និងមន្ត្រីរាជការនៅក្រុងបាវិត ជាច្រើនរូប នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក លឹម សៀងហេង បានថ្លែងកោតសរសើរដល់កងរាជអាវុធហត្ថក្រុងបាវិត ដែលរយៈពេលកន្លងមកបានចូលរួមបង្ក្រាបបទល្មើសច្រើនករណីដូចជា៖ គ្រឿងញៀន ការបង្ខាំងមនុស្សខុសច្បាប់ អំពើរចោរលួច ចោរប្លន់ និងបទល្មើសផ្សេងៗ ជាពិសេសរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋ និងអ្នកវិនិយោគទុននៅក្រុងបាវិតបានល្អ និងលឿនរហ័ស ហើយកងកម្លាំងអាវុធហត្ថ ក៏បានសហការជាមួយកម្លាំងនគរបាល និងយោធាក្រុង បានល្អប្រសើរ។
លោក លឹម សៀងហេង បានបញ្ជាក់ថា រយៈពេល ២ឆ្នាំនេះ ធ្វើឲ្យក្រុងបាវិត មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយមានអ្នកវិនិយោគទុន មកបណ្តាក់ទុនរកស៊ីជាច្រើន បង្កើតការងារជូនប្រជាពលរដ្ឋ បានរាប់ម៉ឺននាក់ផងដែរ។
លោកក៏បានប្រាប់ដល់កងកម្លាំង ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយការបោះឆ្នោត ហើយត្រូវតែប្រឆាំងដាច់ខាត ចំពោះក្រុមអគតិមួយចំនួនដែលចង់ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ និងចង់សម្លាប់ជាតិឯង ដោយពលរដ្ឋសព្វថ្ងៃនេះ កំពុងរីករាយនិងសន្តិភាព និងប្រកបការងារដោយសុខដុមរមនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យមូលដ្ឋាន មានការងារធ្វើនៅក្បែលំនៅដ្ឋាន បង្កើនជីវភាពប្រជាពលរដ្ឋ។
លោក លឹម សៀងហេង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមហូបអំបុកទាំងអស់គ្នា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ គឺអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ។
លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានថ្លែងថា ក្រោមកាដឹកនាំនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឲ្យសមិទ្ធផលជាច្រើន បានករកើតឡើងជាបន្តបន្ទាប់ពិសេស ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្វាយរៀង ដែលមានអគារកម្ពស់៣ជាន់ មានចំនួន២អគារ។
លោកបានថ្លែងនូវការកោតសរសើរ ដល់កងរាជអាវុធក្រុងបាវិត បានការពារសន្តិសុខសណ្តាប់ធ្នាប់បានល្អ និងបង្ក្រាបបទល្មើសជាច្រើនទៀត និងបានអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពជូនពលរដ្ឋ បានល្អប្រសើរ។ ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានដាក់៨ចំណុច ដើម្បីឲ្យកងរាជអាវុធហត្ថអនុវត្តន៍៖
*ទី១៖ រៀបចំកន្លែងធ្វើការឲ្យបានត្រឹមត្រូវ និងសមរម្យ
*ទី២៖ ត្រូវមានការហូបចុក ឲ្យគ្រប់គ្រាន់
*ទី៣៖ ស្លៀកពាក់ឲ្យបានត្រឹមត្រូវ ចំជាឯកសណ្ឋានកងរាជអាវុធហត្ថ តាមមុខងាររៀងៗខ្លួន
*ទី៤៖ ការស្នាក់នៅឲ្យបានត្រឹមត្រូវកសាងកន្លែងឲ្យបានសមរម្យ
*ទី៥៖ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ទី៦៖ រៀនសូត្របន្ថែមទៀត ទាំងជំនាញនិងចំណេះទូទៅ អាយុប៉ុន្មានក៏ត្រូវតែរៀន គឺរៀនដើម្បីយកចំណេះជំនាញ និងបទពិសោធន៍ល្អៗ
*ទី៧៖ ត្រូវមានមធ្យោបាយក្នុងការធ្វើដំណើរឲ្យបានសមរម្យ
*ទី៨៖ ត្រូវរៀបចំកម្មវិធីកំសាន្ត ដល់មន្ត្រីកងរាជអាវុធដូចជាពិធីបុណ្យចូលឆ្នាំ និងបុណ្យផ្សេងៗទៀត ដើម្បីផ្តល់ការលើកទឹកចិត្តឲ្យខិតខំបម្រើការងារ បានល្អប្រសើរ ជាពិសេសត្រូវអញ្ជើញអ្នកចូលសោធននិវត្តន៍ មកចូលរួមដើម្បីផ្តល់កម្លាំងចិត្តដល់ពួកគាត់។
លោកថា កងរាជអាវុធត្រូវមានចំណេះដឹងគ្រប់គ្រាន់ ពិសេសចេះផ្នែក IT កាន់តែល្អត្រូវចូលរួមជួយគិត ជួយធ្វើរួមគ្នាទទួលខុសត្រូវ និងសូមគាំទ្រដល់លោកមេបញ្ជាកការ ដែលទើបប្រកាសនេះ ត្រូវចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការគ្រប់អង្គភាព ដែលពាក់ព័ន្ធដើម្បីបង្ក្រោបបទល្មើសផ្សេងៗ ឲ្យទទួលបានជោគជ័យបន្ថែមទៀត៕