(ព្រំដែន, ខ្មែរ-ថៃ)៖ មេទ័ពកំពូលរបស់ប្រទេសថៃ ដែលឈរជើង និងគ្រប់គ្រងកម្លាំងទាំងអស់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងរបស់ថៃ ក្រោមការបញ្ជារបស់រាជរដ្ឋាភិបាល នឹងធ្វើការទប់ស្កាត់រាល់ដំណើររបស់ទណ្ឌិត សម រង្ស៉ី ព្រមទាំងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ និងបក្ខពួក ហើយជាពិសេសនោះ កងកម្លាំងរបស់ថៃ បានចេញបទបញ្ជារួចហើយ មិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំខុសច្បាប់ណាមួយទាក់ទិនទៅនឹងបញ្ហានេះនៅក្នុងប្រទេស ឬនៅតាមតំបន់ព្រំដែននោះទេ។
ជំហររបស់មេយោធាថៃ បានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងជំនួបពិភាក្សាជាមួយមេទ័ពកំពូលរបស់កម្ពុជា ដែលគ្រប់គ្រងកម្លាំងនៅតាមព្រំដែន។
ភាគីទាំងពីរ ដែលកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ៣ ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ អមដោយឧត្តមសេនីយ៍ផ្កាយ២ សេង ធារិន មេបញ្ជាការរងភូមិភាគទី៥ ទទួលសេនាធិការ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួន។ រីឯភាគីថៃ ដឹកនាំដោយមេបញ្ជាការភូមិភាគ១ លោកឧត្តមសេនីយ៍ទោ ថាំម៉ាក់នូន វិធី (LtGen.Thammanoon) ព្រមទាំងថ្នាក់ដឹកនាំមួយចំនួន។
ភាគីទាំង២ បានជួបគ្នានៅលើស្ពាន នៃច្រកអន្ដរជាតិប៉ោយប៉ែត ដោយពិភាក្សាអំពីការពង្រឹងបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ ជាពិសេសលើវិធានការទប់ស្កាត់ ការឆ្លងដែនចូលមកប្រទេសកម្ពុជា របស់ទណ្ឌិត សម រង្ស៉ី និងសមាជិករបស់ខ្លួន។
មន្ដ្រីយោធាជាន់ខ្ពស់កម្ពុជា ដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា «ជាការឆ្លើយតបមេបញ្ជាការភូមិភាគទី១ របស់ថៃ ដែលជាភូមិភាគដ៏សំខាន់ ខ្លាំងជាងគេ និងអំណាចជាងគេក្នុងចំណោមប៉ុន្មានភូមិភាគរបស់ថៃផ្សេងទៀតនោះ បានបញ្ជាក់ជំហររបស់ខ្លួនមកយើងថា គ្មានការអនុញ្ញាតឲ្យកម្មករ ឬពលករខ្មែរ ធ្វើការប្រមូលផ្ដុំចាំទទួល សម រង្ស៉ី នោះឡើយ ហើយបើមានត្រូវតែចាត់វិធានការតាមច្បាប់ភ្លាមៗតែម្ដង។
មន្ដ្រីយោធាជាន់ខ្ពស់កម្ពុជា ក៏បានបញ្ជាក់ពីការប្រកាសរបស់មេភូមិភាគទី១ថៃថា រដ្ឋាភិបាលរបស់ខ្លួនក៏បានជូនដំណឹងទៅកាន់ស្ថានទូតបារាំង ប្រចាំក្រុងបាងកក ពាក់ព័ន្ធទៅនឹងបញ្ហារបស់ សម រង្ស៉ី នេះផងដែរ ដែលមានសញ្ជាតិបារាំង ដើម្បីចូលរួមសហការឲ្យមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា រូបថតទណ្ឌិត សម រង្ស៉ី និងអតីតថ្នាក់ដឹកនាំសំខាន់ៗ អតីតគណបក្សសង្គ្រោះជាតិ ដែលជាក្រុមមេឧទ្ទាមក្រៅច្បាប់សរុប ៩នាក់ ត្រូវបានទាហានឈុតខ្មៅរបស់ប្រទេសថៃ យកទៅបិទនៅច្រកព្រំដែនថៃ-កម្ពុជា នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
មន្ដ្រីយោធាជាន់ខ្ពស់ប្រចាំនៅច្រកអានសេះ បានថ្លែងបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ទាហានឈុតខ្មៅរបស់ថៃ បានយករូបថតមនុស្សទាំង៩នាក់ ជាអតីតថ្នាក់ដឹកនាំកំពូលរបស់អតីតគណបក្សសង្គ្រោះជាតិ រួមមាន ទណ្ឌិត សម រង្ស៉ី, មូរ សុខហួរ, អ៊ូ ចាន់រិទ្ធ, ជូឡុង ស៊ូម៉ារ៉ា, នុត រំដូល, ហូ វ៉ាន់, ឡុង រី, អេង ឆៃអ៊ាង និង ម៉ែន សុថាវរិន្ទ យកទៅបិទនៅច្រកព្រំដែនអានសេះ ជាប់ព្រំដែនខេត្តព្រះវិហារ និងខេត្ដអ៊ូរប៊ុន ប្រទេសថៃ ក្នុងគោលបំណងទប់ស្កាត់មិនឲ្យមនុស្សទាំង៩នាក់នេះ ឆ្លងដែនចូលប្រទេសកម្ពុជានោះឡើយ។
ទណ្ឌិត សម រង្ស៉ី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយចំនួនទៀត បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ចំនឹងបុណ្យឯករាជ្យជាតិ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារ សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកា ដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។
ពាក់ព័ន្ធនឹងសកម្មភាពរបស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕