(ភ្នំពេញ)៖ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ឆាយ សុផល នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំប្រតិភូអ្នកសារព័ត៌មានជាយុវជន និងមន្រ្តីព័ត៌មានកម្ពុជាជិត៣០រូបមកពីអង្គភាពផ្សេងៗគ្នាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមក្នុងពិធីផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចចូលរួមក្នុង «ពិធីផ្លាស់ប្តូរបទពិសោធន៍ផ្នែកវប្បធម៌សម្រាប់អ្នកសារព័ត៌មានវ័យក្មេង យុវជន និងនិស្សិត» ដែលមានប្រតិភូផ្នែកសារព័ត៌មានចំនួន២៨រូប និងយុវជន និស្សិតប្រមាណ ៦០រូបផ្សេងទៀតមកពីក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានធ្វើឡើងនៅខេត្ត តៃនិញ និងទីក្រុង ហូជីមិញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ វិច្ឆិកា។
លោក ឆាយ សុផល បានថ្លែងថា គោលបំណងដ៏សំខាន់នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យវប្បធម៌ សិល្បៈ អប់រំ ព័ត៌មាន និងផ្សព្វផ្សាយរវាងប្រទេសទាំងពីរ ដែលជាប្រយោជន៍ក្នុងនាមប្រទេសជិតខាង ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន។
លោកបន្តថា ជាការពិតណាស់ កម្ពុជា និងវៀតណាម មានវប្បធម៌ដោយឡែកៗ និងពិសេសរៀងៗខ្លួន ដូច្នេះការស្វែងយល់ និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យនេះ ពិតជាធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរ ពិសេសយុវជនកាន់តែយល់គ្នា និងរស់នៅភូមិផងរបងជាមួយគ្នាប្រកបដោយសុខដមរមនា។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការអញ្ជើញមពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយ:ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ ដោយសហការជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាតាមរយ:ក្រសួងព័ត៌មាន៕