(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានក្រើនរំលឹកដល់បណ្តា មេបញ្ជាការ នាយទាហាន និងពលទាហាន ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តពីសំណាក់ប្រជាពលរដ្ឋស្ទើរ ពេញប្រទេស។
ការក្រើនរំលឹកបែបនេះរបស់ លោកឧត្តមសេនីយ៍ឯក ពៅ ហេង បានធ្វើឡើង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាពពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នយុទ្ធវិធី ខ.គ ថ្មើរជើង បំប៉នជំនាញស៊ើបការណ៍ប្រដាប់អាវុធ និងបំប៉នការងារសេនាធិការ ជួយនាយទាហាន នាយទាហានរង នៅសាលាពលទាហានទី៤ មិត្តភាពកម្ពុជា-វៀតណាម។
នៅក្នុងឱកាសនោះដែរ មេបញ្ជាការភូមិភាគទី៤ បានជំរុញឱ្យបណ្តាអង្គភាពទ័ពទាំងអស់ ត្រូវសហការល្អជាមួយកម្លាំងសមត្ថកិច្ច ដើម្បីប្រមូលព័ត៌មាន និងវិភាគវាយតម្លៃព័ត៌មាន ដែលទាក់ទងទៅនឹងសន្តិសុខជាតិ ឧបាយកលនានា ការប៉ុនប៉ងបំផ្លាញសុខសន្តិភាព ស្ថិរភាព សុវត្ថិភាពប្រទេសសំដៅរួមគ្នាចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការ និងទប់ស្កាត់បង្ក្រាបតាមច្បាប់ជាធរមាន។
ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ អំពើភេរវកម្ម និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ហើយត្រូវអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវ អនុសាសន៍៦ចំណុច ដ៏មានតម្លៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយកងកម្លាំងប្រដាប់អាវុធត្រូវចងចាំ និងអនុវត្តដាច់ខាតនូវចំណុចទី៥ គឺធានាមិនឱ្យមានបដិវត្តពណ៌ ទោះក្នុងតម្លៃណាក៏ដោយដើម្បីការពារ រាជរដ្ឋាភិបាលស្របច្បាប់។ ត្រូវចូលរួមក្នុងចលនាប្រឡងប្រណាំងរបស់អង្គភាព និងមួយផ្នែកទៀតរួមចំណែក ក្នុងការងារបង្កបង្កើនផល ជាលក្ខណៈគ្រួសារ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃឱ្យបានប្រសើរឡើង។
ជាក់ស្តែងវគ្គហ្វឹកហ្វឺនទាំងនេះ ពិតជាបានផ្តល់នូវការយល់ដឹង និងបទពិសោធន៍ ដែលអាចធានាបានអំពីសមត្ថភាព ជំនាញវិជ្ជាជីវៈ របស់យោធិន បានល្អបន្ថែមទៀត ទាំងក្នុងការងារប្រយុទ្ធ ត្រៀមប្រយុទ្ធ ដោយដើរទន្ទឹមគ្នា នឹងការងារអប់រំចិត្តសាស្រ្ត ដល់យោធិនគ្រប់រូប ឱ្យមានមនសិការវិជ្ជាជីវៈ គោរពច្បាប់វិន័យកងទ័ព ជាពិសេសបំពេញភារកិច្ច តួនាទីរបស់ខ្លួនបម្រើជាតិមាតុភូមិដោយស្មោះត្រង់ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាការធានា នូវការអនុវត្តយ៉ាងម៉ឺងម៉ាត់ នៃបទបញ្ជារបស់រាជរដ្ឋាភិបាល អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានប្រគល់ឱ្យ។
ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ឯក ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់នៃការខិតខំប្រឹងប្រែង របស់អង្គភាព ដែលកន្លងទៅនេះ បានបំពេញភារកិច្ច ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងធានាកម្លាំងចល័ត អន្តរាគមន៍ឱ្យតាមបណ្តាទិស ក្នុងភូមិសាស្ត្រយោធភូមិភាគទី៤ បានសហប្រតិបត្តិការយ៉ាងល្អជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋធានាបាននូវភាពសុខសាន្ត និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ។
លោកបន្តថា កងទ័ពត្រូវផ្តោតការយកចិត្តទុកដាក់ចាំបាច់នូវការងារអប់រំចិត្តសាស្ត្រ និងផ្សព្វផ្សាយអប់រំអំពីច្បាប់រដ្ឋប្បវេណី កងទ័ព និងបទគតិយុត្តផ្សេងៗ ដែលពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺន ហ្វឹកហាត់ជំនាញ ចំពោះយោធាចារ្យត្រូវស្រាវជ្រាវ សិក្សា រៀនសូត្របន្ថែមទៀត ក្នុងការបង្កើតសមត្ថភាពជំនាញរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ដើម្បីបង្ហាត់បង្រៀន ផ្ទេរនូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ឱ្យដល់កម្មសិក្សាការី ត្រូវយកចិត្តទុកដាក់ថែរក្សាការពារគ្រប់គ្រង និងរក្សាទុកដាក់អាវុធជាតិផ្ទុះ ឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងអាវុធ គ្រាប់ ត្រូវនៅកន្លែងមានសុវត្ថិភាព មិនឱ្យធ្លាក់ទៅដល់ដៃខ្មាំងសត្រូវ។
លោកឧត្តមសេនីយ៍ បានរំលឹកអំពីអភិក្រមទាំង៥ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ក្នុងនោះមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ផងដែរ។ លោកបានលើកឡើងអំពីការចូលរួមអនុវត្តឱ្យបាននូវខ្លឹមសារភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច៕