(បន្ទាយមានជ័យ)៖ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ, លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមេបញ្ជាការគ្រប់កងកម្លាំងគណៈបញ្ជាការ បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខកងកម្លាំង ទាំង ៣ប្រភេទ ដែលឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យយ៉ាងរឹងមាំ។
លោក សក់ សេដ្ឋា បានបញ្ជាក់ថា ភាពអង់អាចក្លាហ៑ានរបស់កងកម្លាំងប្រដាប់អាវុធការពារបូរណភាពទឹកដី លើកិច្ចការពារសុខសុវត្ថិភាពការពារសន្តិភាព ជូនប្រជាពលរដ្ឋ ការពារប្រទេសជាតិ ដើម្បីរក្សាតម្លៃ នៃសន្តិភាពដែលបានមកដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលស្របច្បាប់ កើតចេញមកពីបេះដូងប្រជាពលរដ្ឋកម្ពុជាពិតប្រាកដ ជាពិសេសការស្វែងរកតម្លៃសន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងបង្កើន ដើម្បីឈានទៅរកតម្លៃ នៃសន្តិភាពដែលធ្វើឲ្យទទួលស្គាល់ នៅលើឆាកអន្តរជាតិ។
លោក សក់ សេដ្ឋា បានបញ្ជាក់ទៅកាន់កម្លាំងទាំងអស់ទៀតថា កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវមានស្មារតីសេហ្នាជាតិ ការពារសន្តិភាពជូនប្រទេសជាតិ មិនត្រូវជឿលើសម្តី នៃការញុះញង់របស់ជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កំពុងមានសន្តិភាពឲ្យធ្លាក់ចូលក្នុងភាពវឹងវវិញ។
សម្រាប់នៅច្រកតំបន់ និងច្រកទា្វរអន្តរជាតិតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ត្រូវបានបន្ថែមខុសពីធម្មតា ដើម្បីទប់ស្កាត់ និងរារាំងក្រុមក្បត់ជាតិដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងដើម្បីការពារសន្តិភាពសណ្តាប់ធ្នាប់តាមព្រំដែនកាន់តែប្រសើរឡើង៕