(ក្រចេះ)៖ លោក ប៉ែន បូរ៉ាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ រួមទាំងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធផងដែរ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តន៍ផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ នៅសាលាខេត្តក្រចេះ។
យោងតាមរបាយការណ៍មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា សភាពការគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ៩ខែឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ថយ ៤៥លើក ស្មើ៣៦% (៨០លើ១២០ លើក)ស្លាប់មនុស្សថយ ៦នាក់ ស្មើ១២% (៤៤ លើ៥០នាក់) របួសថយ ៧៨នាក់ ស្មើ៤៤២៦% (១១១ លើ១៨៩នាក់) ភូមិសាស្ត្រដែលកើតឡើងច្រើន គឺនៅស្រុកស្នួល ស្រុកសំបូរ ស្រុកចិត្របុរី និងក្រុងក្រចេះ មូលហេតុបង្កគ្រោះថ្នាក់ មិនគោរពសិទ្ធិអាទិភាព ៤២,5៥% ល្បឿនលឿន ២៦,២៥% បត់មិនប្រយ័ត្ន ១៥% វ៉ាជែង ៦,២៥ % ស្រវឹង៥% កត្តាយានយន្ត ៣,៧៥ភាគរយ និងសុខភាព ១,២៥ ភាគរយ។ កត់សម្គាល់ដែរថា ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ ៨០លើក មានករណីមិនពាក់មួកសុវត្ថិភាព ៤២លើក បណ្ដាលឲ្យស្លាប់មនុស្សចំនួន ២១នាក់ ក្នុងចំណោមអ្នកស្លាប់ចំនួន ៤៤នាក់ ស្មើ ៤៧ ,៧២ %។
លោក ប៉ែន បូរ៉ាណ បានបញ្ជាក់ថា កន្លងមកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជំរុញការងារប្រឡងប្រណាំង សុវត្ថិភាពចរាចរណ៍ផ្លូវគោក ទទួលបានលទ្ធផលល្អប្រសើរ ដោយបានផ្ដល់ការលើកទឹកចិត្ត ដល់ក្រសួងស្ថាប័នអង្គភាព អង្គការជាតិអន្តរជាតិ បណ្ដាញផ្សាយព័ត៌មាន និងបុគ្គលិក ដែលមានស្នាដៃសម្រេចលទ្ធផល ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងចំនួនអ្នករបួស ព្រមទាំងសកម្មភាពក្នុងការចូលរួមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១១ឆ្នាំ ក្នុងឆ្នាំ២០១១-២០២០ បានកំណត់ឡើងនូវវិធានការ សម្រាប់ធ្វើសកម្មភាព ដែលវិធានការនេះត្រូវឲ្យមានឈ្មោះថាស្តង់ដារ តំបន់ពិសេសនៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើលក្ខណៈវិនិច្ឆ័យ ៨រួមមាន៖ ប្រសិទ្ធភាពនៃការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក, ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយសុវត្ថិភាព, យានយន្តមានសុវត្ថិភាព, អាកប្បកិរិយាប្រកបដោយសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផ្លូវ, កិច្ចធានាប្រព័ន្ធសង្គ្រោះបន្ទាន់, ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងតម្លាភាព, ការផ្ដល់ប័ណ្ណបើកបរប្រកបដោយគុណភាព, ការគ្រប់គ្រងនិងវាយតម្លៃ លើសុវត្ថិភាពដឹកជញ្ជូន អ្នកដំណើរ កម្មករនិងទំនិញ៕