(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្ត បានដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ (នគរបាល អាវុធហត្ថ និងទាហាន) ត្រូវទប់ស្កាត់ និងបង្រ្កាបឱ្យបានរាល់ជនទាំងឡាយ ដែលប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រសូតចេញពីការបោះឆ្នោត ដោយត្រៀមខ្លួនជាស្រេចដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។
ថ្លែងទៅកាន់កងកម្លាំងក្នុងឱកាសនោះ លោកអភិបាលខេត្ត បានលើកឡើងថា បងប្អូនកងកម្លាំងទាំងអស់ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការការពារបូរណភាពទឹកដី និងសុខសន្តិភាព ស្ថេរភាពនយោបាយ ជូនប្រទេសជាតិ និងប្រជាជនដែលកំពុងរស់នៅក្នុងដំបូលសុខសន្តិភាពក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាលតាមលទ្ធិប្រជាធិបតេយ្យ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
លោកបានថ្លែងយ៉ាងដូច្នេះ ក្នុងការសំណេះសំណាលជាមួយកងកម្លាំងទាំង ៣ប្រភេទ ព្រមទាំងនាំយកអំណោយជាគ្រឿងឧបភោគ ដើម្បីជាការលើកទឹកចិត្ត និងបង្កើនភាពស្និទ្ធស្នាល នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក សុខ លូ បានបន្តថា «ជាការពិតប្រទេសជាតិយើងកំពុងតែរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងប្រតិបត្តិតាម ជំនឿសាសនារៀងៗខ្លួន ប៉ុន្តែផ្ទុយទៅវិញ ក្រុមមនុស្សមួយចំនួនតូច ដែលបានដើរបរិហាបង្ខូចជាតិខ្លួនឯង និងបានព្យាយាមធ្វើរដ្ឋប្រហាររបបរាជានិយម និងរាជរដ្ឋាភិបាល ដែលកើតចេញពីការ បោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ គឺជាចេតនាចង់ឲ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាមដូចអតីតកាល»។
លោក សុខ លូ បានលើកឡើងថា ឆ្នាំនេះជាលើកទី១ និងជាថ្ងៃបើកប្រវត្តិសាស្ត្រថ្មីមួយដែលខេត្តកំពង់ធំ ត្រូវមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់នូវសេចក្តីទុកចិត្តឲ្យប្រារព្ធកម្មវិធីបុណ្យឯករាជ្យ ខ្នាតធំសម្រាប់ថ្នាក់ខេត្ត។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលធ្វើដំណើរ និងរស់នៅតាមផ្លូវក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ សម្តែងការគាំទ្រយ៉ាងខ្លាំង ហើយបានលើកឡើងថា ពួកគាត់ពេញចិត្តចំពោះការរៀប ចំឲ្យមានកម្មវិធីបុណ្យឯករាជ្យជាតិថ្នាក់ខេត្តនេះ។ ការបង្ហាញកម្លាំងសម្ថកិច្ចទាំង ៣អង្គភាពនៅ ថ្ងៃនេះគឺជាកិច្ចការពារសន្តិសុខ មិនមែនការគំរាមកំហែងឡើយ តែផ្ទុយទៅកម្មវិធីនេះ បានផ្តល់នូវសេចក្តីជឿទុកចិត្តក្នុងការរស់ប្រកបដោយសុខក្សេមក្សាន្ត។
គួរបញ្ជាក់ថា ក្រៅពីកម្មវិធីបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ នឹងចែកអំបុកជូនដល់ប្រជាពលរដ្ឋដែលរស់នៅផ្ទាល់ក្នុងខេត្ត អ្នកដំណើរឆ្លងកាត់ ព្រមទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។
ជាពិសេសរដ្ឋបាលខេត្ត នឹងប្រារព្ធកម្មវិធីហូបអំបុកសាមគ្គីអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅសួនច្បារគល់ស្ពានស្ទឹងសែន។ នៅពេលរាត្រី មានការប្រារព្ធពិធីបាញ់កាំជ្រូច នៅវិមានឯករាជ្យ ដើម្បីអបអរសាទរបុណ្យឯករាជជាតិ និងជាថ្ងៃកំណើតកងទ័ព។ ចំណែកថ្ងៃទី១១ ខែវិច្ឆកា គឺជាថ្ងៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ រដ្ឋបាលខេត្តបាន រៀបចំពិធីដាល់អំបុកនៅសួនច្បារ នៅតាមដងស្ទឹងសែន ក្នុងពេលរាត្រី។ ឆ្លៀតក្នុងឱកាសនេះ ក៏សូមឲ្យបងប្អូនចូលរួមក្នុងពិធីដោយស្លៀកពាក់ជាប្រពៃណី ខោចែវ អាវបំពង់ ដើម្បីចូលរួមថែរក្សាវប្បធម៌ប្រពៃណីជាតិផងដែរ៕