(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២ទៀត សរុបទុនវិនិយោគជជាង ១២លានដុល្លារអាមេរិក ផ្តល់ការងារថ្មីជាច្រើពាន់កន្លែង។
Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន EHM EASYHOME MANUFACTURING CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងប្រអប់ដាក់ឥវ៉ាន់ (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៦.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៤៩៧នាក់។
២៖ ក្រុមហ៊ុន YNTEX CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩១៩នាក់៕