(កំពង់ចាម)៖ ប្រជាពលរដ្ឋជាង ៥០០នាក់ នៅស្រុកបាធាយ ខេត្តកំពង់ចាម បាននាំគ្នាទះដៃសាទរគាំទ្រដល់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមថា នឹងនាំគ្នាហូបអំបុកសាមគ្គីការពារជាតិ សាសនា ព្រះមហាក្សត្រនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។
ការប្រកាសរបស់ពលរដ្ឋខាងលើនេះ កើតមានឡើងក្រោយពេលប្រធានក្រុមប្រឹក្សាខេត្តលោក ខ្លូត ផន និងលោក អ៊ុន ចាន់ដា បានដឹកនាំសមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីមន្ទីរស្ថាប័នជុំវិញខេត្ត
ចុះផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តលើកទី១ អាណត្តិទី៣ ឆ្នាំ២០១៩ នៅវត្តសេរីចំប៉ា នៅភូមិមេព្រីង ឃុំមេព្រីង ស្រុកបាធាយ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម រួមនឹងលោក ខ្លូត ផន បានពិភាក្សា និងឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋ ២០ករណី ក្នុងនោះសំណើខ្លះ ត្រូវបានដោះស្រាយភ្លាមៗ និងសំណើរខ្លះទៀត រង់ចាំមន្ត្រីជំនាញចុះសិក្សា និងធ្វើការដោះស្រាយជាបន្តបន្ទាប់។
ទន្ទឹមនឹងនោះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា ទាក់ទងទៅនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព លោកសុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួម ជាមួយនឹងអាជ្ញាធរដែនដី និងសមត្ថកិច្ច ដើម្បីថែរក្សាសន្តិសុខល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន កុំឲ្យមានបញ្ហាគ្រឿងញៀន និងល្បែងស៊ីសង និងកុំឱ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
អភិបាលខេត្តបានថ្លែងបន្តថា «នៅថ្ងៃ៩ ខែវិច្ឆិកាខាងមុខនេះ គឺជាថ្ងៃដែលប្រទេសយើងប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងជាថ្ងៃបុណ្យកំណើត នៃកងយោធពលខេមរភូមិន្ទ ដូច្នេះហើយ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមអបអរសាទរ ក្នុងរូបភាពហូបអំបុកសាមគ្គីដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រទាំងអស់គ្នា»៕