(កំពង់ធំ)៖ ដើម្បីជំរុញការអនុវត្តគោលនយោបាយជាតិ លើវិស័យទេសចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព ក្រសួងទេសចរណ៍ បានបើកសិក្ខាសាលាស្តីពីវឌ្ឍនភាព និងប្រសិទ្ធភាព ក្នុងការអនុវត្តគោលនយោបាយជាតិលើវិស័យទេសចរណ៍នៅតំបន់ប្រាសាទសំបូរព្រៃគុក។
សិក្ខាសាលានេះ ធ្វើឡើងនៅមជ្ឈមណ្ឌលលក់ផលិតផលសហគមន៍សំបូរព្រៃគុក នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ សហគមន៍ វិស័យឯកជន សាស្រ្តាចារ្យ និងសិស្ស-និស្សិត ជាសិក្ខាកាមសរុបចំនួន ១៥០នាក់។
សិក្ខាសាលានេះ រៀបចំឡើងក្រោមកិច្ចសហការរវាងនាយកដ្ឋានសិក្សាស្រាវជ្រាវ និងគោលនយោបាយទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ដោយមានវាគ្មិនជាតិ-អន្តរជាតិមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ បានចូលរួមធ្វើបទបង្ហាញលើប្រធានបទផ្សេងៗគ្នា ស្របតាមចក្ខុវិស័យរបស់គោលនយោបាយទេសចរណ៍កម្ពុជា វប្បធម៌ និងធម្មជាតិ។
នាឱកាសបើកសិក្ខាសាលានេះ លោក កើត ពុទ្ធវរី បានបញ្ជាក់ថា ដោយមើលឃើញពីការអភិវឌ្ឍឥតឈប់ឈរនៃវិស័យទេសចរណ៍កម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានដាក់ចេញនូវគោលនយោបាយជាតិ ក៏ដូចជាសារាចរណែនាំផ្សេងៗក្នុងគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ក្នុងនោះកត្តាអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក៏ជាប្រធានបទមួយដ៏សំខាន់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។
លោក កើត ពុទ្ធវរី បានបន្តថា ស្របពេលដែលសកលលោកកំពុងមានការប្រែប្រួល វិស័យទេសចរណ៍ត្រូវបានរងនូវឥទ្ធិពលពីនិន្នាការថ្មីៗជាច្រើន ដែលចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំគោលនយោបាយ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍កម្ពុជា និងនិន្នាការទេសចរណ៍ថ្មីៗឲ្យទាន់ពេលវេលា៕