(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា លើលិខិតបញ្ជាក់ បំណងស្តីពី «អាទិភាពជាយុទ្ធសាស្រ្តស្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម» រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយមជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ។ ពិធីនេះ រៀបចំធ្វើឡើងនៅទីស្ដីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបាននិងកំពុងបន្តជួយដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ រាល់ជំនួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុសុទ្ធតែ បានចូលរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច។ លទ្ធផលជាផ្លែផ្កានាថ្ងៃនេះ គឺបានមកពីភាពរឹងមាំ នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូអង្វែងនៃប្រទេសទាំងពីរ។
លោកថា ជាសក្ខីភាព ថ្ងៃនេះ ក្រសួងកសិកម្ម និង ACIAR នឹងចុះហត្ថលេខាលើលិខិតបញ្ជាក់បំណង ស្តីពី «អាទិភាពជាយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម ២០១៩-២០២៩» ដែលឯកសារនេះ លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា វានឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្រាវជ្រាវក្នុងវិស័យកសិកម្ម រួមចំណែកអភិវឌ្ឍវិស័យនេះ ឲ្យមានការរីកចម្រើន ធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ស្បៀង ផលិតភាពផលិតកម្ម ប្រសិទ្ធភាព គុណភាព សុវត្ថិភាព ទីផ្សារ និងការប្រកួតប្រជែង ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងជា ពិសេសស្របតាមគោលនយោបាយ និងកំណែទម្រង់ផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល តាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-និងសហគមន៍កសិកម្ម»។
លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូត បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលអូស្រ្តាលី នៅតែជាដៃគូសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍវិស័យកសិកម្មយូរអង្វែងរឹងមាំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាង២៥ឆ្នាំមកនេះ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ ស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស ធ្វើការកែទម្រង របៀប និងទម្លាប់ ដើម្បីធ្វើយ៉ាងណា លើកកម្ពស់បរិមាណ និងគុណភាពកសិផល បង្កើតឱកាសឲ្យមានការចូលរួម ក្នុងការងារកសិធុរកិច្ចប្រកបដោយផែនការ និងទិសដៅច្បាស់លាស់។
នាឱកាសនេះ លោកស្រី ក៏បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ដែលអង្គការ AusAID សហការអនុវត្តគម្រោងនានា ទាក់ទងវិស័យកសិកម្មជាមួយក្រសួង ក្នុងនោះ លេចធ្លោជាងគេគឺគម្រោង CAVAC ដែលកំពុងអនុវត្ត ជំហានទី២។ លោកស្រី សង្ឃឹម និងជឿជាក់ថា ACIAR នឹងចូលរួមចំណែកយ៉ាងពេញលេញ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា នាពេលអនាគតដ៏ខ្លី ហើយរដ្ឋាភិបាលអូស្រ្តាលី នឹងនៅតែបន្តធ្វើជាដៃគូ យ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ជាពិសេសក្នុងវិស័យកសិកម្ម ឲ្យមានការរីកចម្រើនថែមទៀត។
ដើម្បីឲ្យគម្រោងនេះ ទទួលបានជោគជ័យតាមការគ្រោងទុក លោករដ្ឋមន្រ្តី បានស្នើដល់រដ្ឋាភិបាលអូស្រ្តាលី តាមរយៈ ACIAR ពិចារណាបង្កើនការគាំទ្រថវិកា ដល់ការស្រាវជ្រាវកសិកម្មកម្ពុជា ទាក់ទងនឹងការធ្វើបច្ចុប្បន្នភាព ផែនការមេ និងពង្រីកវិស័យស្រាវជ្រាវ ផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ រួមជាមួយការបង្កើនសមត្ថភាពមន្ត្រី វិស័យឯកជន និងសហគមន៍កសិកម្មលើការកែច្នៃ វេចខ្ចប់ ស្តុកទុក និងទីផ្សារ។ ដោយឡែកស្ថាប័ន ឬវិទ្យាស្ថាន ដែលទទួលបន្ទុកអនុវត្តគម្រោង ខាងលើ ក៏ត្រូវចូលរួមសហការឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ដើម្បីទាញយកប្រយោជន៍ ជាអតិប្បរមាសម្រាប់ជាតិ និងប្រជាកសិករ។
សូមបញ្ជាក់ថា លិខិតបញ្ជាក់អំពីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌលអូស្ដ្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ ស្តីពីអាទិភាពជាយុទ្ធសាស្ត្រ សម្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម នឹងចាប់ផ្តើមអនុវត្តពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៩ ក្នុងខេត្តភាគខាងត្បូង នៃប្រទេស គឺខេត្តកំពត តាកែវ កណ្តាល ព្រៃវែង និងខេត្តកំពង់ចាម ព្រមទាំងខេត្តជាប់បឹងទន្លេសាបចំនួនពីរទៀតផងដែរ គឺខេត្តកំពង់ធំ និងខេត្តសៀមរាប។
គោលបំណងសំខាន់ៗ ដែលភាគីទាំងពីរបានឯកភាព ក្នុងភាពជាដៃគូរក្នុងការស្រាវជ្រាវ គឺនឹងផ្តោតលើផ្នែកអាទិភាពសម្រាប់កសិកម្មចំនួន៣ រួមមាន៖
ទី១៖ ប្រពលវប្បកម្ម និងពិពិធកម្មកសិកម្មប្រកបដោយចីរភាព លើគ្រប់ដំណាំក្រៅពីស្រូវ នៅក្នុងប្រព័ន្ធដំណាំ-ស្រូវតាមបែបប្រពៃណី និងប្រព័ន្ធដាំដុះផ្សេងទៀត
ទី២៖ ប្រពលវប្បកម្មប្រកបដោយចីរភាព នៃប្រព័ន្ធផលិតកម្មសត្វខ្នាតតូចដែលតម្រង់ទៅទីផ្សារ
ទី៣៖ ប្រពលវប្បកម្មប្រកបដោយចីរភាព នៃប្រព័ន្ធផលិតកម្មវារីវប្បកម្មទឺកសាប សម្រាប់ប្រភេទដែលសម្បូរ ដោយអាហារូបត្ថម្ភ៕