(ភ្នំពេញ)៖ អំបុកដូងខ្ចី និងចេកពងមាន់ នឹងត្រូវបានរៀបចំជាបង្អែមដ៏ឆ្ងាញ់ពិសារ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ របស់គូស្នេហ៍ដ៏ស្រស់ស្អាតមួយគូ និងជាបង្អែមដំបូងគេដែលត្រូវរៀបចំឡើង ក្នុងពិធីរៀបអាពាហ៍ពិពាហ៍។
បង្អែមអំបុកដូងខ្ចីត្រូវបានប្រជាពលរដ្ឋកម្ពុជា ភាគច្រើនតែងតែពិសារ ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ អំបុកគឺជាអាហារមួយប្រភេទ ដែលបុព្វបុរសរបស់យើងបានកែច្នៃធ្វើឡើង ហើយជារៀងរាល់ឆ្នាំឱ្យតែដល់រដូវបុណ្យអុំទូក ប្រជាជនខ្មែរមិនភ្លេចទេ គឺអំបុកជាអាហារដ៏សំខាន់ សម្រាប់ចូលរួមអបអរនៅក្នុងពិធីកម្មវិធីបុណ្យនេះ។
សម្រាប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គូស្នេហ៍ដ៏ស្រស់ស្អាតមួយគូ បានជ្រើសរើសយកអំបុកដូងខ្ចី និងចេកពងមាន់ មកធ្វើជាបង្អែមលាងមាត់ ក្រោយពេលទទួលទានអាហារ ក្នុងពិធីដ៏ពិសេសពិសាលរបស់ខ្លួន ក៏ស្របនឹងការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា ចូលរួមហូបអំបុកនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។
បង្អែមអំបុកដូងខ្ចី និងចេកពងមាន់នេះ ត្រូវរៀបយ៉ាងពិសេសវិសាល និងមានរសជាតិឈ្ងុយឆ្ងាញ់ ដោយចុងភៅ សេងហុកហេង។
លោក ទូច រដ្ឋា នាយកគ្រប់គ្រងទូទៅចុងភៅ សេងហុកហេង បានឲ្យដឹងថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីចូលរួមលើកស្ទួយបង្អែមខ្មែរ និងផលិតផលក្នុងស្រុកចុងភៅ សេងហុកហេង នឹងរៀបចំយ៉ាងសម្អិតសម្អាង នូវបង្អែមអំបុកដូងខ្ចី និងចេកពងមាន់ សម្រាប់ទទួលភ្ញៀវកិត្តិយស ដែលនឹងអញ្ជើញពិសារភោជនាអាហារ ក្នុងពិធីអាពាហ៍ពិពាហ៍ខាងលើ ក៏ដូចជាសម្រាប់ពិធីផ្សេងៗនៅពេលក្រោយៗទៀត៕