(ភ្នំពេញ)៖ ក្នុងគោលបំណងជំរុញឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ហៅកាត់ (CCMA) បានបើកកិច្ចប្រជុំមួយ នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីទទួលស្វាគមន៍ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត ចូលជាសមាជិករបស់ខ្លួន។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅភោជនីយ៍ដ្ឋានមួយ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល CCMA ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា Cambodia Cement Manufacturing Association (CCMA)។
ឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធី Thai Boom Roong Cement Co.,Ltd. ចូលជាសមាជិកថ្មី ដែលបង្ហាញឱ្យឃើញពីការសាមគ្គីភាពរវាង ឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យសំណង់ ដែលកំពុងតែមានសន្ទុះអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង។
លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានបញ្ជាក់ថា សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានបង្កើតឡើងរយៈពេលជាង១ឆ្នាំមកហើយ ដែលមាន សមាជិកជាក្រុមហ៊ុនស៊ីម៉ងត៍ចំនួន៤ រួមមាន ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot Cement Company Co., Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) និង ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) ។
លោកអះអាងថា គោលបំណងនៃការបង្កើតសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា មានដូចខាងក្រោម ៖
* រួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅប្រទេសកម្ពុជា តាមរយះការផ្សព្វផ្សាយគោលនយោបាយ និងគោលការណ៏អភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាដល់អ្នកវិនិយោគិន ។
* បង្កើនការទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសមាជិកសមាគមដែលជាអ្នកវិនិយោគលើវិស័យឧស្សាហកម្មស៊ិម៉ង់ត៍ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិកសមាគម ។
* ផ្តល់ពត៍មានអំពីទីផ្សារ បច្ចេកទេសគ្រប់គ្រង នីតីវិធីនៃការអនុវត្តច្បាប់ និងសម្របសម្រួល ទំនាក់ទំនងរវាងស្ថាប័ន្តរដ្ឋនានា ជាមួយសមាជិកសមាគមដែលជាអ្នកវិនិយោគលើវិស័យឧស្សាហកម្មស៊ិម៉ង់ត៍៕