(ស្ទឹងត្រែង)៖ រដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាបបានរថយន្តដឹកឈើប្រណិតមួយគ្រឿង នៅស្ពានអូរអញ្ចាញ ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយបានដកហូតឈើប្រណិត ២២៩ដុំ ស្មើនឹង ០,៩៨៨ម៉ែត្រគូប។
យោងតាមមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានឱ្យភ្នាក់សារព័ត៌មាន Fresh News ដឹងនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ថា ការប្រើវិធានការក្តៅចុះបង្ក្រាបរថយន្ត ដឹកឈើមួយគ្រឿងនេះ គឺក្រុមមន្ត្រីបានអនុវត្តតាមបញ្ជាដ៏ម៉ឹងម៉ាត់របស់លោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង។
ក្រោយការអនុវត្តបញ្ជា ក្រុមមន្ត្រីព្រៃឈើបានឈានទៅចាប់ឃាត់រថយន្ត១គ្រឿង ម៉ាកឆ្លាមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-3231បានដឹកជញ្ជូនឈើអារប្រណិតប្រភេទ ធ្នង់ ចេញពីភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង។ ឈើប្រណិតនៅក្នុងរថយន្តនោះមានចំនួន ២២៩ដុំ ស្មើនឹង ០,៩៨៨ម៉ែត្រគូបត្រីគុណ ហើយរថយន្តដឹកឈើនេះ សមត្ថកិច្ចបានដាក់ការសង្ស័យថា ជារថយន្តរបស់ឈ្មោះ ហេង ហៅក្រៅ ហេង កាចាញគោក។
ក្រោយការបង្ក្រាប រថយន្តដឹកឈើប្រណិតនេះ ត្រូវបានបញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕