(កណ្តាល)៖ លោកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាព និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យចូលរួមធ្វើសកម្មភាពក្បត់ជាតិជាមួយទណ្ឌិត សម រង្ស៉ី និងបក្ខពួក បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ន។
ការអំពាវនាវរបស់លោក ទ្រី ភាព បានធ្វើឡើងក្នុងជំនួបជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាជិត ៦០០នាក់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ក្នុងជំនួបនោះឧកញ៉ា ទ្រី ភាព បានលើកឡើងថា ការប្រកាសអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធងើបឡើងបះបោរផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាកើតចេញពីការបោះឆ្នោត គឺជាទង្វើក្បត់ជាតិ បំផ្លាញនូវសុខសន្តិភាព ភាពសុខដុម និងការអភិវឌ្ឍរបស់ជាតិ។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋចៀសឱ្យឆ្ងាយពីទង្វើទាំងនេះ ហើយត្រូវរួមគ្នាទប់ទល់ជាមួយទង្វើក្បត់ជាតិទាំងនេះ។
«អ្វីដែល សម រង្ស៉ី និងបក្ខពួកកំពុងតែធ្វើនេះ ជាការធ្វើរដ្ឋប្រហារ ជាចលនាបដិវត្តន៍ពណ៌ ឈានទៅបង្កើតវិនាសកម្មសម្រាប់ជាតិ និងការរស់សុខសាន្តរបស់ប្រជាពលរដ្ឋយើង។ យើងត្រូវតែរួមគ្នាទប់ស្កាត់ឱ្យបាននូវទង្វើបង្កមហន្តរាយសម្រាប់ជាតិ និងប្រជាជន»។ លោក ទ្រី ភាព បានគូសបញ្ជាក់។
លោក ទ្រី ភាព ក៏បានអំពាវនាវដល់កងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ច និងបទបញ្ជារបស់រាជរដ្ឋាភិបាលដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនត្រូវឱ្យឧក្រិដ្ឋជនក្រៅច្បាប់ណាម្នាក់ មកបំផ្លាញសុខសន្តិភាពរបស់ប្រទេសបានឡើយ។
លោកឧកញ៉ា បានបញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសង្គម គឺបានបង្ហាញពីស្មារតីស្នេហាជាតិយ៉ាងពិតប្រាកដ ដែលមិនអាចកាត់ថ្លៃបាន និងជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែសម្បូរសប្បាយជាបន្តទៀត។
ក្នុងឱកាសនោះលោកឧកញ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមពិធី «ហូបអំបុក កាពារ ជាតិ សាសនា ព្រះមហាក្សត្រ» នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ ដើម្បីអបអរខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ និងដើម្បីជាការវាយបកអតីតមេបក្សប្រឆាំង ដែលបានប្រកាសវិលចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា។
សូមបញ្ជាក់ថា ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយសមាជិកបក្សក្នុងស្រុកកណ្តាលស្ទឹងនាព្រឹកមិញនេះ លោកឧកញ៉ាបណ្ឌិត បាននាំយកថវិការបស់សម្តេចតេជោ ប្រមាណ ៦៥,០០០,០០០រៀល ចែកជូនដល់សមាជិកសមាជិការបក្ស និងអង្គភាពចំណុះស្រុកកណ្តាលស្ទឹង និងឧបត្ថម្ភសម្ភារៈ ថវិកាដល់ក្រុមគ្រួសារដែលទទួលរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារផងដែរ៕