(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ខាត់ ណារិទ្ឋ ចៅសង្កាត់ទន្លេបាសាក់ បានជួបសំណេះសំណាល និងនាំយកថវិកាឧបត្ថម្ភរបស់លោកឧត្តមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ជូនដល់កងកម្លាំងសណ្តាប់ធ្នាប់សង្កាត់ ប្រមាណ១៤០នាក់ នៃសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោក ខាត់ ណារិទ្ធ បាននាំយកមតិផ្តាំផ្ញើសួរសុខទុក្ខ ពីលោកឧត្តមសេនីយ៍ឯក យឹម លាង។ លោកបានស្នើដល់កងកម្លាំងត្រូវពង្រឹងស្មារតី និងរួមសាមគ្គីផ្ទៃ ក្នុងឲ្យរឹងមាំ ក្នុងការចូលរួមប្រឆាំងរបស់ក្រុមឧទ្ទាម សម រង្ស៊ី ក៏ដូចចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានផងដែរ។
លោក ខាត់ ណារិទ្ឋ បានបញ្ជាក់ថា «សូមបងប្អូនកុំខ្វល់ពីការមកឬមិនមក អាណាមក ឬអាណាមកមិនមកក៏ដោយ កុំខ្វល់ គឺយើងធ្វើមិចការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងភូមិឋានរបស់យើងឲ្យបានល្អ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិយើងឲ្យមានសេចក្តីសុខទៅ គឺល្អហើយ»។
សង្កាត់ទន្លេបាសាក់ ត្រូវបានគេចាត់ទុកថា ជាតំបន់ស្មុគស្មាញ និងជាកន្លែងដែលប្រឈមសភាពការណ៍ទូទៅ ក្នុងនោះ មានទាំងសភាពការណ៍បទល្មើស និងជាតំបន់មានស្ថាប័នរដ្ឋជាច្រើន ។
ជាមួយគ្នានោះលោក ខាត់ ណារិទ្ឋ ចៅសង្កាត់ទន្លបាសាក់ ក៏បាននាំអំណោយឧបត្ថម្ភរបស់លោក យឹម លាង ផ្តល់ជូនដល់កម្លាំង ចំនួន ១៤០នាក់ ដោយម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ទុកជាកាដូរក្នុងការថ្ងៃបុណ្យអំទូកផងដែរ៕