(ភ្នំពេញ)៖ ដើម្បីទប់ស្កាត់រាល់បញ្ហាដែលកើតឡើងនៅតាមមូលដ្ឋាន និងត្រៀមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនាថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានជួបសំណេះសំណាលគ្នាជាមួយកម្លាំងសណ្ដាប់ធ្នាប់ និងក្រុមការងារប្រតិកម្មរហ័សខណ្ឌ-សង្កាត់ទាំង៥។
លោកបានបញ្ជាក់ថា ស្របពេលដែលប្រជាពលរដ្ឋយើង និងចូលរួមប្រារព្វពិធី នៃបុណ្យឯករាជ្យ ៩វិច្ឆិកា និងបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ខាងមុខនេះ មានជនអគតិមួយចំនួនបានមានគម្រោងផែនការ ធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយបំផុសការញុះញុង ដល់កងកម្លាំងប្រដាប់អាវុធឱ្យប្រឆាំងមកលើរាជរដ្ឋាភិបាល និងប្រមាថ ចំពោះអង្គព្រះមហាក្សត្រ ក្នុងគោលបំណងប៉ុនប៉ងបំផ្លាញសុខសន្តិភាព និងបង្កគ្រោះមហន្តរាយដល់ប្រទេសជាតិ និងប្រជាជន។
លោកអភិបាលខណ្ឌចំការមន បានបន្តថា ដើម្បីទប់ស្កាត់នូវឧបាយកលដ៏អាក្រក់នេះ យើងទាំងអស់គ្នានៅតាមមូលដ្ឋានត្រូវរារាំង និងសូមគិតពីការចូល ឬមិនចូលរបស់ក្រុមឧទ្ទាម សម រង្ស៊ី យើងទាំងអស់គ្នាត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរួមចំណែកការពារសុខសន្តិភាព រក្សាសមិទ្ធផលសង្គមជាតិ និងការអភិវឌ្ឍ ដែលកំពុងរីកចម្រើនលើគ្រប់វិស័យ និងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរនៅមូលដ្ឋាន។
លោកក៏បានឲ្យកម្លាំងទាំងអស់ សូមកុំទប់ស្កាត់ និងរាយការណ៍ទង្វើ និងសកម្មភាពណាដែលខុសច្បាប់ ដែលបង្កឱ្យកើតមានភាពចលាចល វឹកវរ ដែលនាំឱ្យខូចប្រយោជន៍របស់សង្គមជាតិ ជាពិសេសសកម្មភាពរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ រំលោភបំពានលើច្បាប់រដ្ឋធម្មនុញ្ញ និងសកម្មភាពដែលប៉ះពាល់ដល់អង្គព្រះមហាក្សត្រ។
ជាមួយគ្នានេះលោក ថេង សុថុល សូមឲ្យកម្លាំងទាំងអស់គ្នា ចូលរួមសប្បាយរីករាយ ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកសំពះព្រះខែ និងទទួលទានអំបុក នៅថ្ងៃ៩វិច្ឆិកា ទាំងអស់គ្នា ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ឱ្យនៅគង់វង្សជារៀងរហូត។
បន្ទាប់ពីជួបសំណេះសំណាលជាមួយកម្លាំងសណ្ដាប់ធ្នាប់ និងកម្លាំងប្រតិកម្មរហ័សសង្កាត់-ខណ្ឌរួចមកនោះ លោក ថេង សុថុល បានបែងចែករឺម៉កម៉ូតូធុនធំសម្រាប់ប្រមូលសំរាម ទៅតាមបណ្ដាសង្កាត់ទាំង៥ ក្នុងមូលដ្ឋានខណ្ឌ ដែលជាអំណោយរដ្ឋបាលសាលារាជធានីភ្នំពេញ ដោយក្នុងមួយសង្កាត់ៗ ទទួលបានរឺម៉កម៉ូតូ១គ្រឿង ដើម្បីទុកប្រើប្រាស់ក្នុងការប្រមូលសំរាមនៅក្នុងមូលដ្ឋានរបស់ខ្លួន ខណៈនេះលោកអភិបាលខណ្ឌចំការមន បានស្នើទៅដល់ចៅសង្កាត់ទាំង៥ ពេលទួលបានរឺម៉កម៉ូតូទាំងអស់នេះហើយ សូមថែរក្សាដើម្បីប្រើប្រាស់ក្នុងការប្រមូលសំរាមតាមសង្កាត់នីមួយៗឲ្យបានយូរអង្វែង ព្រោះរឺម៉កម៉ូតូធុនធំនេះ គឺជាកាដូររបស់សាលារាជធានីភ្នំពេញ ផ្ដល់មកតាមសង្កាត់ខណ្ឌ សម្រាប់ប្រើប្រាស់តាមតម្រូវការដូចជា ដឹកសំរាម និងប្រើប្រាស់អ្វីផ្សេងៗទៀតផងដែរ៕