(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញធ្វើបាឋកថា ស្តីពីរចនាសម្ព័ន្ធចាត់តាំង តួនាទីភារកិច្ចកងរាជអាវុធហត្ថ នៅសាលានាយទាហានសកម្ម។ ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំកងរាជអាវុធហត្ថជាច្រើនរូបទៀតផងដែរ។
សូមជម្រាបថា កងរាជអាវុធហត្ថ ត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ១៩៥៧ សម័យរបបសង្គមរាស្ត្រនិយម ដែលមានឈ្មោះ កងរាជអាវុធហត្ថខ្មែរ ហើយត្រូវបានប្តូរឈ្មោះជា កងអាវុធហត្ថជាតិវិញ អំឡុងឆ្នាំ១៩៧១ នៅក្នុងរបបសាធារណរដ្ឋខ្មែរ លន់ នល់ បន្ទាប់មកត្រូវបានលុបបំបាត់ចោល ដូចស្ថាប័នផ្សេងៗដែរ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
កងអាវុធហត្ថ បានចាប់កំណើតសាជាថ្មី ដោយក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ជាមួយនឹងការបង្រួបបង្រួមកងទ័ពជាតិតែមួយ។ ដំណាក់កាលនោះ កងរាជអាវុធហត្ថមានតួនាទី ភារកិច្ច ត្រឹមតែតម្រួតយោធាប៉ុណ្ណោះ ហើយបានចូលរួមយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសធំៗជាច្រើន។ ចាប់ពីឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៧៧ អនក្រ ស្តីពីភារកិច្ច រចនាសម្ពន្ធទូទៅរបស់កងរាជអាវុធហត្ថ នៅក្នុងអនុក្រឹត្យនោះមានចែងអំពីតួនាទី ភារកិច្ច និងអំពីអង្គភាពចំណុះកងរាជអាវុធហត្ថ។
កងរាជអាវុធហត្ថ ត្រូវបានស្នើសុំធ្វើកំណែទម្រង់លើរចនាសម្ពន្ធចាត់តាំងជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីកំណត់ច្បាស់អំពីរបៀបរបបធ្វើការងារ អំពីតួនាទី ភារកិច្ច ឋានានុក្រមការងារ ជាពិសេសប្រសិទ្ធភាពការងារ។
រយៈពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ន កងរាជអាវុធហត្ថនៅតែបន្តខិតខំប្រឹងប្រែងពុះពារគ្រប់កាលៈទេសៈ គ្រប់ឧបសគ្គបំពេញបេសកកម្មរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម សុវត្ថិភាពជូនប្រជាពលរដ្ឋ ស្រាវជ្រាវបទល្មើស សហការពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយ ជាយថាហេតុ ឲ្យស្របនឹងទិសស្លោ «កងទ័ពជាកូនចៅប្រជាជន បម្រើប្រជាជន»៕