(រតនគិរី)៖ ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំវេទិកាសាធារណៈ នៅស្រុកវ៉ើនសៃ ខេត្តរតនគិរី ជាមួយមន្រ្តីរាជការ កងកងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស។ វេទិកានេះ ក៏មានការអញ្ជើញរួមពីថ្នាក់ខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។
ទេសរដ្ឋមន្ត្រី លី ធុជ បានណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ និងចូលរួមទាំងអស់គ្នា ក្នុងការថែរក្សា និងអភិរក្សធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានដោះស្រាយនូវបញ្ហាប្រឈម និងកង្វល់ជូនប្រជាពលរដ្ឋនៅនឹងកន្លែង ដូចជា ការតភ្ជាប់បណ្តាញអគ្គិសនី ផ្លូវថ្នល់ និងបញ្ហាខ្វះទឹក ជាដើម។
ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខក្សេមក្សាន្ត និងការអភិវឌ្ឍលើគ្រប់វិស័យ។ លោកបានបញ្ជាក់បន្ថែមថា សុខសន្តិភាពទាំងនេះ មិនអនុញ្ញាតឲ្យជនអគតិមួយចំនួនតូច មកជិះជាន់ និងបំផ្លាញបានឡើយ។
ទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឲ្យប្រជាពលរដ្ឋខេត្តរតនគិរីទាំងអស់ ត្រូវចូលរួមកម្សាន្ដសប្បាយ និងជួបជុំគ្រួសារ មិត្តភក្តិ នៅមូលដ្ឋានក្នុងឱកាសពិធីបុណ្យ ឯករាជ្យជាតិ និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ព្រមទាំងចូលរួមពិសារអំបុករួមគ្នា នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ៕