(ភ្នំពេញ)៖ ក្រុមហ៊ុន អូនីតា ឯ.ក ដឹកនាំដោយលោកស្រី វុធ សុជាតី អគ្គនាយិកា នាំយកថវិកាសរុបចំនួន៦,២៥០ដុល្លារ ដើម្បីប្រគល់ជូនមូលនិធិគន្ធបុប្ផា ក្នុងនោះ៥,០០០ដុល្លារជាថវិកាផ្ទាល់ខ្លួន និង១,២៥០ដុល្លារ ជាការចូលរួមចំណែករបស់តំណាងសាខាក្រុមហ៊ុន អូនីតា ដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលធានាដល់និរន្តរភាព នៃប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា។
ពិធីប្រគល់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយលោកវេជ្ជបណ្ឌិត Dines RoLong នាយកប្រតិបត្តិមន្ទីរពេទ្យគន្ធបុប្ផា ជាអ្នកទទួលថវិកាទាំងអស់នេះ។
ក្នុងឱកាសនោះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌នេះ និងសូមលើកទឹកចិត្តដល់សាធារណជន ឲ្យបន្តចូលរួមបរិច្ចាគតទៅទៀត ដើម្បីនាំមកនូវភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាមូលនិធិផ្លូវការ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបច្ចុប្បន្ន សម្តេចទាំងទ្វេជាស្ថាបនិក និងជាប្រធានកិត្តិយសផ្ទាល់របស់មូលនិធិ។ មូលនិធិនេះ បង្កើតទ្បើងក្នុងគោលបំណងកៀរគរមូលនិធិសប្បុរសធម៌ ដើម្បីរួមចំណែកទ្រទ្រង់កិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប៕