(បាងកក, ថៃ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ជប៉ុន ដែលចង់បង្កើតឱ្យមានកិច្ចសន្ទនារវាងអាស៊ាន និងជប៉ុន ស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤។
សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា កិច្ចសន្ទនានេះ គឺជារឿងដ៏មួយ ដើម្បីឱ្យអាស៊ានចាប់ផ្តើមគិតគូរបានគ្រប់ជ្រុងជ្រោយ និងមានលទ្ធភាពត្រៀមខ្លួនឱ្យបានល្អ សម្រាប់ឈោងចាប់យកសក្តានុពលនៃការអភិវឌ្ឍ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតចេញពីបដិវត្តន៍ឧស្សាហកម្មទី៤។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើពង្រឹងមូលនិធិនៅក្រមក្របខណ្ឌសមាហរណកម្មអាស៊ាន-ជប៉ុន សម្រាប់បម្រើឱ្យការងារពាកព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មទី៤។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការគាំទ្រដល់គំនិតរបស់ជប៉ុនក្នុងការបង្កើតឱ្យមានកិច្ចសន្ទនារវាងអាស៊ាន និងជប៉ុន លើបដិវត្តន៍ឧស្សាហកម្មទី៤ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២២ នៅប្រទេសថៃ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិ ឆ្នាំ២០១៩ម្សិលមិញនេះ។
ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តជប៉ុន ឱ្យបន្តផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន ដែលមានទីតាំងនៅរាជធានីភ្នំពេញ ដើម្បីបង្កើនសមត្ថភាពការងាររបស់មជ្ឈមណ្ឌលផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២២ ត្រូវបានធ្វើឡើងរវាងថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលរបស់អាស៊ានទាំង១០ ជាមួយលោក អាបេ សិនហ្សូ នាយករដ្ឋមន្ត្រីជប៉ុន ដោយពិនិត្យពិភាក្សាទៅលើវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃទំនាក់ទំនងអាស៊ាន-ជប៉ុន ក្នុងរយៈពេលជាង២២ឆ្នាំកន្លងទៅ។
ក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំអាស៊ាន-ជប៉ុន មានសេចក្តីសោមនស្សរីករាយដោយបានឃើញ កិច្ចសហប្រតិបត្តិការអាស៊ាន ជប៉ុន មានការរីកចម្រើនជាលំដាប់។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន បានសំដែងការពេញចិត្តចំពោះភាគីជប៉ុន បានគាំទ្រក្នុងការពង្រឹងការតភ្ជាប់អាស៊ាន-ជប៉ុន ដែលមានសារសំខាន់ជាសារវន្តដល់ការពង្រឹងភាពជាដៃគូរវាងអាស៊ាន-ជប៉ុន ទាំងផ្នែកពាណិជ្ជកម្ម និងវិនិយោគ។
មេដឹកនាំអាស៊ាន ក៏បានសំដែងការកោតសរសើរដល់ភាគីជប៉ុន ចំពោះការបន្តគាំទ្រដល់ការអនុវត្តផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ២០១៦-២០២០ ដែលបានចូលរួមចំណែកក្នុងការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ព្រមទាំងរបៀបវារ:អង្គការសហប្រជាជាតិឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
មេដឹកនាំអាស៊ាន បានគូសបញ្ជាក់ទៅកាន់មេដឹកនាំជប៉ុនថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រេចឲ្យបាននូវគោលដៅផែនទីចង្អុលទិសសហប្រតិបត្តិការសេដ្ឋកិច្ចយុទ្ធសាស្រ្ត២០២១-២០២២ ដោយរួមបញ្ចូលផងដែរ នូវការចុះហត្ថលេខាកាលពីពេលថ្មីៗកន្លងទៅ។
ជាមួយគ្នានេះ មេដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការបរិស្ថានអាស៊ាន-ជប៉ុន ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការនានា ក្នុងការដោះស្រាយបញ្ហាសំខាន់ៗ ពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំរាម ការអភិរក្សជីវ:ចម្រុះ ការគ្រប់គ្រងជាតិពុលគីមី ការគ្រប់គ្រងទឹកកខ្វក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ប្រកបដោយគុណភាព សម្រាប់ការអភិវឌ្ឍទីក្រុង ក្នុងគោលដៅនៃការលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន-ជប៉ុន បានឯកភាពគ្នាឈានទៅចេញផ្សាយនូវសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២២ និងបានអនុម័តសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២២ ស្តីពីការតភ្ជាប់៕