(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការហ្វឹកហ្វឺន និងការចល័តកងកម្លាំងគ្រប់ប្រភេទនានា គឺធ្វើឡើងក្នុងគោលដៅបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពតែប៉ុណ្ណោះ ហើយប្រជាពលរដ្ឋកុំមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភពេលមានការចល័តកងកម្លាំងទាំងនេះ។
ការបញ្ជាក់បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើង នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពក្នុងពិធីទទួលដំណើរនិវត្តន៍កងវិស្វកម្មលេខ៥៩៤ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ការបញ្ជាក់របស់ប្រមុខការពារជាតិកម្ពុជាដូចនេះ បន្ទាប់មានការលើកឡើងមួយចំនួនដោយភ្ជាប់ជាមួយ ការព្រួយបារម្ភជុំវិញការធ្វើលំហាត់ហ្វឹកហ្វឺរួមគ្នាដោយមានការចល័តកងកម្លាំង ៣ប្រភេទនៅខេត្តជាប់ ព្រំដែនថៃ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការហ្វឹកហ្វឺន ឬការចល័តកងកម្លាំងគ្រប់ប្រភេទនានា ជាពិសេសការហ្វឹកហ្វឺនចល័តកងកម្លាំង ៣ ប្រភេទនៅខេត្តជាប់ព្រំដែនថៃ កាលពីសប្តាហ៍កន្លងទៅ គឺធ្វើឡើងដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាព តែប៉ុណ្ណោះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា ចំពោះការប្រកាសរបស់លោក សម រង្ស៊ី ដោយមានទាំង ផែនការបង្ក អសន្តិសុខក្នុងប្រទេស ដោយការធ្វើចលនាកៀរគរពលករនៅថៃ ចូលកម្ពុជាមកគាំទ្រចលនា របស់ខ្លួនធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់នោះ កងទ័ពកម្ពុជាក៏បានត្រៀមរួចរាល់ ចាត់វិធានការតាមផ្លូវច្បាប់ ទៅលើសកម្មភាពដែលមានគោលដៅ បំផ្លាញសុខសន្តិភាពនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា កងកម្លាំង៣ប្រភេទនៅខេត្តជាប់ព្រំដែនថៃ បានធ្វើលំហាត់ ហ្វឹកហ្វឺរួមគ្នាដោយមានការចល័តកងកម្លាំង ថែមទៀតផង។
លំហាត់ហ្វឹកហ្វឺននោះត្រូវបានអាជ្ញាធរ ប្រកាសថា ធ្វើដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាព ស្របពេលដែល លោក សម រង្ស៉ី បានបង្ហាញផែនការបង្កអសន្តិសុខក្នុងប្រទេសដោយការធ្វើ ចលនាកៀរគរ ពលករនៅថៃ ចូលកម្ពុជា មកគាំទ្រចលនារបស់ខ្លួន ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕