(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល នៅថ្ងៃទី៤ ខែវិច្ចិកានេះ បានដឹកនាំមន្ត្រីបញ្ជាការដ្ឋានជាច្រើននាក់ សួរសុខទុក្ខអ្នកជំងឺនៅមន្ទីរ ព្រមទាំងជួយឧបត្ថម្ភថវិការថែមទៀតផង។
អ្នកជំងឺដែលកំពុងសំរាកព្យាបាលនៅផ្ទះនោះជាមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថខេត្តកណ្ដាល គឺលោកវរសេនីយ៍ឯក សៅ សុគន្ធា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ត្រី សំ តុលា បានឲ្យដឹងថា ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យថ្នាក់ដឹកនាំអាវុធហត្ថគ្រប់រូបយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទទាំងការ ស្លៀកពាក់ ស្នាក់នៅ ហូបចុក និងអំពីសុខទុក្ខដែលមានជំងឺ។
លោកឧត្តមសេនីយ៍ត្រី ក៏បានលើកទឹកចិត្តដល់អ្នកជំងឺសូមសំរាកឲ្យបានច្រើន ពិសាថ្នាំឲ្យបានទៀងទាត់ ថែទាំសុខភាពផ្លូវចិត្តឲ្យបានល្អប្រសើរជាដើម។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បាននាំយកសម្ភារ និងថវិកាមួយចំនួនដែលជាថវិការបស់លោក និងការរួមចំណែករបស់ នាយ-នាយរង នៃកងរាជអាវុធហត្ថខេត្តកណ្តាល ប្រគល់ជូនលោក មេបញ្ជាការរង ដើម្បីជួយសម្រួលដល់ថ្លៃព្យាបាលផងដែរ៕