(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរ ក្នុងពិធីប្រណាំងទូក នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងរដ្ឋលេខាធិការក្រសួងការពារជាតិ អមដំណើរដោយលោកស្រី សុភ័គ្គ ថាវី និងលោកឧត្តមសេនីយ៍ឯក គឹម រស្មី អនុប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ និងសង្កាត់ព្រែកថ្មី បានអញ្ជើញក្នុងពិធីក្រុងពាលីដាក់ទូកចុះទឹក និងសំណេះសំណាលជាមួយកីឡាករទូក ឈ្មោះ «ក្អែកស តេជោសែនជ័យ» និង «មុនីសុវណ្ណស តេជោសែនជ័យ» របស់វត្តមុនីសុវណ្ណ ហៅវត្តជំពុះក្អែក។
មុនពេលដាក់ទូកចុះដល់ទឹក ដើម្បីចូលរួមការប្រកួតថ្នាក់រាជធានី និងថ្នាក់ជាតិ នាពេលខាងមុខ សម្តេចពោធិវង្ស័ អំ លឹមហេង បានប្រោសព្រំប្រសិទ្ធិពរជ័យដល់ទូក និងកីឡាករអុំទាំងអស់ ដើម្បីសេចក្តីសុខ និងជ័យជំនះលើគូប្រកួត។
ក្នុងឱកាសសំណេះសំណាលនោះផងដែរ ខណៈព្រះរាជពិធីបុណ្យអុំទូក ដែលខិតជិតចូលមកដល់នោះ នាយឧត្តមសេនីយ៍ឯក ហ៊ុយ ពិសិដ្ឋ បានយកនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយបានលើកឡើងពីការវិវឌ្ឍ នៃសភាពការណ៍នយោបាយថ្មីៗ ជាពិសេសការទប់ស្កាត់នូវការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ពីសំណាក់ជនក្បត់ជាតិ ដែលតែងតែប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកីឡាករកុំឲ្យចាញ់បោកឧបាយកលពួកជនក្បត់ជាតិ ដែលអាចធ្វើឲ្យខ្លួនធ្លាក់ក្នុងទោស ទណ្ឌ ក្នុងផ្លូវច្បាប់ និងប្រកាសឲ្យចូលរួមអរសាទរពិធីអកអំបុកនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះឲ្យគ្រប់ៗគ្នា ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។
នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ បាននាំយកនូវអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនទូក «ក្អែកស តេជោសែនជ័យ» និង «មុនីសុវណ្ណស តេជោសែនជ័យ» រួមមាន៖ ខោ អាវ មួក ក្រមា ចំនួន ២៦០កំប្លេរ, មីម៉ាម៉ា ៦០កេស, ស្ករស ១២០គីឡូក្រាម, ទឹកត្រី ទឹកស៊ីអ៊ីវ ៥០យួរ, ទឹកសុទ្ធ ១១០កេស, ទឹកក្រូច ៤០កេស, អង្ករ ៦០០គីឡូក្រាម និងថវិកា ចំនួន ១៥លានរៀល ព្រមទាំងឧបត្ថម្ភដល់ចំណុះទឹក ចំនួន ៣លានរៀល។
ដោយឡែក សម្តេចពោធិវង្ស័ អំ លឹមអេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាចៅអធិការវត្តមុនីសុវណ្ណ ហៅវត្តជំពុះក្អែក បានឧបថត្ថម្ភនូវថវិកាដល់ទូក «ក្អែកស តេជោសែនជ័យ» ចំនួន ១០លានរៀល និង ទូក «មុនីសុវណ្ណស តេជោសែនជ័យ» ចំនួន ៥លានរៀល។ ជាមួយគ្នានេះ សម្តេចពោធិវ័ង្ស ក៏បានឧបត្ថម្ភដល់ចំណុះក្នុងម្នាក់ ៥ម៉ឺនរៀល សរុប ៧.៥០០.០០០រៀល និងបានឧប្ថម្ភដល់កម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារ សរុប ៤១នាក់ អស់ថវិកា ២.០៥០.០០០រៀលផងដែរ។
ក្រោយបញ្ចប់ពិធីក្រុងពាលីរួចមក គណៈអធិបតី ក៏បានទស្សនា ការហ្វឹកហាត់សាកល្បងកម្លាំងគ្នាផងដែរ ដែលធ្វើឡើងនៅក្រោយវត្តមុនីសុវណ្ណ ហៅវត្តជំពុះក្អែក ក្នុងទន្លេបាសាក់ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ យ៉ាងសប្បាយរីករាយផងដែរ៕