(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរៀបចំពិធីសម្ពោធ «ដំណើរភាពយន្តចល័តចិន-កម្ពុជា លើកទី០៤» នៅសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
យោងតាមរបាយការណ៍របស់ស្ថានទូតចិន បានឲ្យដឹងថា ឆ្នាំ២០១៩ គឺជាឆ្នាំទេសចរណ៍និងវប្បធម៌រវាងកម្ពុជានិងចិន។ ដើម្បីជំរុញការផ្លាស់ប្ដូរលើវិស័យវប្បធម៌សិល្បៈ និងភាពយន្ត រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤» បានចាប់ផ្ដើមសារជាថ្មីម្ដងទៀតដោយនាំមកនូវខ្សែភាពយន្តចិន-កម្ពុជាដ៏ឆ្នើមមួយចំនួនរួមមាន រឿង«មួយគីឡូម៉ែត្រចុងក្រោយ» ជាប្រភេទរឿងមនុស្សសញ្ចេតនា, រឿង«សួស្ដីលោកមហាសេដ្ឋី» ជារឿងប្រភេទកំប្លែង, រឿង «ប្រតិបត្តិការសមុទ្រក្រហម» ជារឿងប្រភេទសង្រ្គាមដែលមានឆាកប្រយុទ្ធគ្នាដើម្បីជម្លៀសជនជាតិចិន និងរឿង «ដើមក្រសាំង» ជារឿងប្រភេទអប់រំទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារ យកមកដល់ក្បែរព្រោះលោកអ្នកដើម្បីឱ្យលោកអ្នកអាចទស្សនានូវខ្សែភាពយន្តដ៏ល្អឆាយគ្រប់ឈុតគ្រប់ឆាកនៅមុខគេហដ្ឋានរបស់លោកអ្នកតែម្ដង។
ស្ថានទូតចិន បានសង្ឃឹមថា «តាមរយ:ភាពយន្តទាំងនេះ នឹងធ្វើឲ្យលោកអ្នកកាន់តែស្រលាញ់ និងចូលចិត្តមាតុភូមិខ្មែរដ៏ចំណាស់ និងដ៏ពិសេសមួយនេះ ហើយក៏អាចយល់ច្បាស់ពីវប្បធម៌ ប្រវត្តិសាស្ត្រ និងស្ថានភាពបច្ចុប្បន្នរបស់ប្រទេសចិន ព្រមទាំងអាចជ្រួតជ្រាបពីមិត្តភាពរវាងកម្ពុជា និងចិន ដ៏សែនជ្រាលជ្រៅ និងមានប្រវត្តិយូរលង់ណាស់មកហើយផងដែរ»។
ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានថ្លែងថា ប្រទេសកម្ពុជានិងចិនបានប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យវប្បធម៌ សិល្បៈ និងខ្សែភាពយន្តរវាងប្រទេសទាំងពីរ។
លោកស្រីបញ្ជាក់បន្តថា «តាមរយៈព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម» នេះយើងអាចមើលឃើញថា វិទ្យុមិត្តភាពកម្ពុជាចិន មិនត្រឹមតែ បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាព ផ្សព្វផ្សាយព័ត៌មាន និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសនិងប្រជាជនទាំងពីរនោះទេ ថែមទាំងបានដើរតួនាទីជាស្ពានចម្លងក្នុងការលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរវប្បធម៌និងព័ត៌មានរវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបានចូលរួមក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណី រវាងកម្ពុជានិងចិន ឱ្យកាន់តែរឹងមាំនិងស្ថិតស្ថេរជារៀងរហូត»។
បន្ថែមលើពីនេះទៅទៀត លោកស្រីក៏បានជូនពរឲ្យ «ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤» ទទួលបានជោគជ័យក្នុងការចាក់ផ្សាយ និងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងអ្នកទស្សនាគ្រប់ជាតិសាសន៍។
គួររំលឹកថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម» នេះបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០១៦មកម្ល៉េះ ដែលរៀបចំដោយក្រុមការងារចាក់បញ្ចាំងភាពយន្តមកពីវិទ្យុមិត្តភាពកម្ពុជា-ចិន និងបានធ្វើដំណើរទៅកាន់២០ រាជធានី-ខេត្ត នៃប្រទេសកម្ពុជា ដោយបានធ្វើដំណើរទៅដល់ទីជនបទដាច់ស្រយ៉ាល សហគមន៍ សាលារៀន បន្ទាយយោធា និងតំបន់សេដ្ឋកិច្ចពិសេសជាដើម ព្រមទាំងបានចាក់បញ្ចាំងនូវភាពយន្តដ៏ឆ្នើមមួយចំនួនទៀត ដែលមានប្រជាជនលើសពី ១០ម៉ឺននាក់ បានចូលរួមទស្សនា។ ដំណើរចាក់បញ្ចាំងភាពយន្តលើកទី៤ នឹងរៀបចំចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះតទៅ ទូទាំងប្រទេសកម្ពុជា ដោយឥតគិតថ្លៃ៕