(កណ្តាល)៖ លោក កែវ រ៉េមី អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកស្អាង និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានឃុំព្រែកអំបិល បានអំពាវនាវដល់ ប្រជាពលរដ្ឋទូទាំងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល កុំចាញ់បោកការញុះញង់របស់ជនអគតិឱ្យចូលរួមក្នុងសកម្មភាពណាមួយដែលខុសច្បាប់ និងត្រូវរួមជាមួយរាជរដ្ឋាភិបាល រួមចំណែកការពារសុខសន្តិភាព រក្សាសមិទ្ធផល សង្គមជាតិ និងការអភិវឌ្ឍ ដែលកំពុងរីកចម្រើនលើគ្រប់វិស័យ និងប្រាប់ប្រជាពលរដ្ឋត្រូវនាំគ្នាសប្បាយរីករាយ នៅថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងថ្ងៃអកអំបុកខាងមុខនេះ។

ការអំពាវនាវបែបនេះរបស់លោក កែវ រ៉េមី បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ រៀបចំវិធានការស្តីពី ការបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅបរិវេណវត្តព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ព្រំ ឈឺន ប្រធានក្រុមប្រឹក្សាស្រុក, លោក ជឺ គីមហៃ អភិបាលរងស្រុក លោក លោកស្រីក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ព្រែកអំបិល និងប្រជាពលរដ្ឋសរុប ១២៦៥នាក់។

លោកបានបញ្ជាក់ថា ស្របពេលដែលប្រជាពលរដ្ឋយើង និងចូលរួមប្រារព្វពិធី នៃបុណ្យឯករាជ្យ ៩វិច្ឆិកា និងបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ខាងមុខនេះ មានជនអគតិមួយចំនួនបានមានគម្រោងផែនការ ធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដោយបំផុសការញុះញុង ដល់កងកម្លាំងប្រដាប់អាវុធឱ្យប្រឆាំងមកលើរាជរដ្ឋាភិបាល និងប្រមាថ ចំពោះអង្គព្រះមហាក្សត្រ ក្នុងគោលបំណងប៉ុនប៉ងបំផ្លាញសុខសន្តិភាព និងបង្កគ្រោះមហន្តរាយដល់ប្រទេសជាតិ និងប្រជាជន។

លោក កែវ រ៉រមី បានបន្តថា ដើម្បីទប់ស្កាត់នូវឧបាយកលដ៏អាក្រក់នេះ យើងទាំងអស់គ្នានៅតាមមូលដ្ឋាន ត្រូវរារាំង និងចៀសវៀងការចាញ់ឧបាយកលចូលរួមក្នុងសកម្មភាពណាមួយជាមួយជនអគតិ ហើយយើងទាំងអស់គ្នា ត្រូវចូលរួម ជាមួយរាជរដ្ឋាភិបាល ដើម្បីរួមចំណែកការពារសុខសន្តិភាព រក្សាសមិទ្ធផលសង្គមជាតិ និងការអភិវឌ្ឍ ដែលកំពុងរីកចម្រើនលើគ្រប់វិស័យ និងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរនៅមូលដ្ឋាន។

លោក កែវ រ៉េមី បានឱ្យដឹងថា អតីតកាលប្រទេសកម្ពុជា ពីមួយជំនាន់ ទៅមួយជំនាន់ គឺមានតែសម័យសម្តេចតេជោ ហ៊ុន សែន នេះទេ ដែលធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ការបង្រួបបង្រួម ឯកភាពជាតិទាំងស្រុង ប្រសិនបើក្រឡេកមើលពីអតីតកាលប្រទេសកម្ពុជា ជួបតែភាពបែកបាក់ បង្កឱ្យមានភ្លើងសង្គ្រាមស៊ីវិល កាប់សម្លាប់គ្នាឥតឈប់ឈរ។ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជា មានស្ថិរភាព សណ្តាប់ធ្នាប់របៀបរៀប រយល្អប្រសើរ ហើយបើប្រៀបធៀប ជាមួយប្រទេសមួយចំនួននៅលើពិភពលោកបច្ចុប្បន្ននេះ គឺឃើញថា បណ្តាប្រទេសទាំងនោះកំពុងតែជួប នូវវិនាសកម្មដោយសារតែសង្គ្រាមរាំងជល់ ទាំងនេះមកពីការសម្រេចចិត្តជ្រើសរើសអ្នកដឹកនាំខុស។

លោក កែវ រ៉េមី បានបន្តថា តាមរយៈសុខសន្តិភាព ដែលរកបានដោយលំបាកពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋ កម្ពុជាទូទាំងប្រទេសទទួលបានផលប្រយោជន៍ពីតម្លៃនៃសន្តិភាពនេះ ដោយប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្នុងការប្រកបរបរចិញ្ចឹមជីវិត ដែលបានប្រែក្លាយជីវភាព របស់ពួកគាត់ពីមួយថ្ងៃ ទៅមួយថ្ងៃ ជាពិសេសប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវការយកចិត្តលើការគាំពារសង្គមគ្រប់បែបយ៉ាង។

លោក កែវ រ៉េមី បានបន្ថែមទៀតថា តាមរយៈតម្លៃនៃសន្តិភាពនេះ ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានកិត្យានុភាព នៅលើឆាកអន្តរជាតិ ព្រមទាំងកិច្ចការបរទេស ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ លើវិស័យកីឡា អប់រំ វប្បធម៌ នយោបាយ សេដ្ឋកិច្ច និងវិស័យមួយចំនួនផ្សេងទៀត។

លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចូលរួមទង្វើ និងសកម្មភាពណាដែលខុសច្បាប់ ដែលបង្កឱ្យកើតមានភាពចលាចល វឹកវរ ដែលនាំឱ្យខូចប្រយោជន៍របស់សង្គមជាតិ ជាពិសេសសកម្មភាពរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ រំលោភបំពានលើច្បាប់រដ្ឋធម្មនុញ្ញ និងសកម្មភាពដែលប៉ះពាល់ដល់អង្គព្រះមហាក្សត្រ។

លោក កែវ រ៉េមី ក៏បានអញ្ជើញឱ្យប្រជាពលរដ្ឋយើងទាំងអស់គ្នាចូលរួមសប្បាយរីករាយ ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកសំពះព្រះខែ និងទទួលទានអំបុក នៅថ្ងៃ៩វិច្ឆិកា ទាំងអស់គ្នា ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រឱ្យនៅគង់វង្សជារៀងរហូត៕