(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានផ្តាំផ្ញើដល់មន្រ្តីអប់រំ មន្រ្តីសុខាភិបាល និងអាជ្ញាធរស្រុកកណ្តាលស្ទឹងទាំងអស់ គប្បីខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការផ្តល់ និងបម្រើសេវាសាធារណៈឲ្យបានពេញលេញជូនប្រជាពលរដ្ឋ ដោយមានក្រមសីលធម៌ល្អ មានភាពទទួលខុសត្រូវចំពោះការងារ គោរពតួនាទីភារកិច្ច និងមានព្រហ្មវិហារធម៌ ចេះចែករំលែក និងបង្កើននូវចំណងសាមគ្គីផ្ទៃក្នុងល្អ មានមនសិការស្មោះត្រង់ យោគយល់ឱ្យគ្នាទៅវិញទៅមក។
បន្ថែមពីលើនេះលោក ម៉ម ប៊ុននាង បានជំរុញឲ្យមានការទប់ស្កាត់ឲ្យបាននូវការធ្វើចរាចរណ៍ឱសថក្លែងក្លាយ ការបើកគ្លីនិក ឬកន្លែងលក់ថ្នាំពេទ្យដោយគ្រូពេទ្យ ដែលគ្មានជំនាញច្បាស់លាស់ បញ្ហាក្មេងទំនើង ការទិញ-លក់ ព្រមទាំងចូលរួមទប់ស្តាត់ឱ្យបាននូវការប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗ នៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលមាន៩ចំណុច អោយមានប្រសិទ្ធភាព។
ការលើកឡើងនេះ បានធ្វើឡើងខណៈលោក ម៉ម ប៊ុននាង អញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយនឹងមន្រ្តីអប់រំ មន្រ្តីសុខាភិបាល និងអាជ្ញាធរស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីផ្សព្វផ្សាយអំពីការអប់រំ និងវិស័យសុខាភិបាល ព្រមទាំងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដោយមានអ្នកចូលរួមសរុបចំនួន២៨៣នាក់ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានជម្រាបជូនមន្ត្រី និងអាជ្ញាធរស្រុកអំពីការងារអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ និងផ្តល់នូវព័ត៌មានថ្មីៗដែលកើតឡើកក្នុងពេលបច្ចុប្បន្ន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ លោកបានបញ្ជាក់ថា ដោយប្រទេសយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ក្រោមការដឹកនាំដើរលើផ្លូវដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដូចនេះ ប្រជាជនគ្រប់រូបកំពុងសប្បាយរីករាយនូវសមិទ្ធិផលជាច្រើន ដែលរាជរដ្ឋាភិបាលបាននឹងកំពុងកសាងស្តារហេដ្ឋារចនា សម្ពន្ធ័ផ្លូវ ផ្លូវលំជនបទ ស្ពានអាកាស ស្ពានឆ្លងកាត់ទន្លេ ដែលជាសរសៃឈាមសេដ្ឋកិច្ច ដើម្បីធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការរីកចម្រើន លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
លោកបានលើកឡើងថា សមិទ្ធផលនៃសន្តិភាពនេះហើយ ធ្វើឱ្យយើងទាំងអស់គ្នាមានឱកាសកសាងនូវសមិទ្ធិផលជាច្រើន ជម្រុញឲ្យមានអ្នកវិនិយោគិនបរទេសនិង អ្នកទេសចរណ៏អន្តរជាតិមកវិនិយោគនិងទស្សនាកម្ពុជាកើនឡើងជាលំដាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើច្រើន និងទទួលបាននូវផលប្រយោជន៍ ដល់សង្គមជាតិ និងប្រជាជន និងកូនចៅប្រជាពលរដ្ឋជំនាន់ក្រោយៗទៀត។ ឆ្លៀតក្នុងឱកាសនោះដែរ លោក ក៏បាននាំយកថវិកាចែកជូនមន្រ្តីអប់រំ និងមន្រ្តីសុខាភិបាលស្រុកកណ្តាលស្ទឹង ចំនួន២៨៣នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា៣០.០០០រៀល ដែលបានចំណាយថវិកាសរុប១២.៩៩០.០០០រៀល។
បន្ទាប់មកនារសៀលថ្ងៃដដែល ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋចំនួន១៧៨នាក់ ស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល។ ក្នុងឱកាសនោះ ជាការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ លោក បានផ្តល់ថវិកាចំនួន៣០០០ដុល្លារ ដើម្បីជួសជុលផ្លូវដែលទទួលរងការខូចខាតឱ្យមានសភាពល្អ ប្រសើឡើងវិញ និងផ្តល់ថវិកាដល់ប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីដោយក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល ដែលចំណាយថវិកាសរុបចំនួន១១.២៣៩.០០០រៀល។
បន្ទាប់មកលោក ម៉ម ប៊ុននាង បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន៣៣នាក់ ដោយក្នុង ម្នាក់ៗទទួលបាន អង្ករ ៥០គីឡូ សារ៉ុង ០១ ភួយ០១ មី០១កេស ទឹកស៊ីអ៊ីវ០១យួរ និងទឹកត្រី០១យួរ ដែលចំណាយថវិកាចំនួន៥.៣៧៩.០០០រៀល៕