(កំពត)៖ លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ក្នុងសន្និសីទ ស្ដីពី «មាគ៌ាឆ្ពោះទៅអនាគតភ្លឺស្វាង» ដែលរៀបចំនៅខេត្តកំពត បានលើកឡើងថា សន្និសីទនេះធ្វើឡើងក្នុងកាលៈទេសៈសមស្រប ជួយជាគំនិតដល់សិស្ស-និស្សិត ទើបតែបញ្ចប់ការសិក្សាទុតិយភូមិ ជុំវិញកន្លែងរៀនសូត្រ ហើយត្រូវរៀនដូចម្តេចទើបជោគជ័យ និងទទួលបានការងារល្អ ដែលស្តែងចេញក្នុងបទបង្ហាញជាក្រុមដោយវាគ្មិនមានជំនាញ បទពិសោធន៍ ជាបុគ្គលជោគជ័យមកពីស្ថាប័នផ្សេងៗ។
ក្នុងពិធីដែលមាននិស្សិតចូលរួមប្រមាណជាង៣០០នាក់ ក៏មានការរៀបចំពិពរណ៌ការងារ ការចុះអនុស្សារណៈយោគយល់ បង្កើតកិច្ចសហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមក ក្នុងគោលបំណងតែមួយ គឺផ្តល់ឱកាសដល់និស្សិតឲ្យប្រើប្រាស់ពេលវេលារៀនសូត្រឲ្យបានល្អ។
តាមរបាយការណ៍លោក ហម សាវេត នាយកសាខាខេត្តកំពត បានឲ្យដឹងថា ក្នុងឆ្នាំសិក្សាថ្មីនេះ CUS ទទួលបានកំណើននិស្សិតថ្មីច្រើនគួរឲ្យកត់សម្គាល់ បច្ចុប្បន្ននិស្សិតកំពុងសិក្សាមានជិត២០,០០០នាក់ និងនិស្សិតដែលបានបញ្ចប់ការសិក្សារួចជិត ៤០,០០០នាក់ អត្រាមានការងារធ្វើខ្ពស់។ ជាងនេះទៅទៀតគុណភាព និងវិន័យ ក្នុងការបណ្តុះបណ្តាលត្រូវបានលើកកម្ពស់ជាប្រចាំ។
លោកបណ្ឌិត សឿ យ៉ាន ក៏បានធ្វើបទបង្ហាញពី «គន្លឹះជោគជ័យក្នុងការសិក្សា និងការអភិវឌ្ឍខ្លួនសម្រាប់យុវជន» មនុស្សគឺជាទ្រព្យមានមនុស្ស ដែលមានសមត្ថភាពវិជ្ជាជីវៈ បុគ្គលិកលក្ខណសម្បត្តិល្អ មានន័យថា មានទ្រព្យជាប់នឹងខ្លួន លោកបានសង្កត់ធ្ងន់ថា ការសិក្សាថ្នាក់ឧត្តមសិក្សា គឺជាការបណ្តាក់ទុន និងជាស្ពានសម្រាប់កសាងអនាគតរបស់ខ្លួន ដូចនេះការសិក្សាពិតជានឹងជួយឲ្យខ្លួនឯងអាចសម្រេចបានអនាគត និងជីវភាពរស់នៅដ៏ប្រសើរ។
លោកបន្ថែមថា ភាពជឿជាក់ប្រកបដោយសុទិដ្ឋិនិយម សុច្ឆន្ទៈ បានប្រសូត្រក្នុងសន្តានចិត្តយើង ឲ្យក្លាយទៅជាកម្លាំងចលករក៏ស្រួលស្រាល ជំរុញឲ្យយើងអាច នឹងឈានទៅសម្រេចនូវអនាគតដ៏រុងរឿង។ រាល់បុរេវិនិច្ឆ័យខុសឆ្គង ពហុចិត្តទាបដែលធ្លាប់មានក្នុងអារម្មណ៍ពីមុនមក ត្រូវលុបបំបាត់ទាំងស្រុងនាពេលនេះ។
លោកបានគូសបញ្ជាក់ទៀតថា បុគ្គលម្នាក់ៗ ដែលកើតមកមានកាយសម្បទាគ្រប់គ្រាន់ គឺមានទ្រព្យសម្បត្តិ ជាមូលដ្ឋានរួចមកហើយ នៅតែមានវិជ្ជាជីវៈបន្ថែម គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលជាគ្រឹះផ្តើមចេញទៅកសាងកេរ្តិ៍ឈ្មោះ ដើម្បីក្លាយជាអ្នកជោគជ័យដោយប្រើប្រាស់គំនិតបញ្ញារបស់ខ្លួន ដែលជាមាសចម្រាញ់មិនចេះរីងស្ងួត ចេញពីខួរក្បាលរបស់មនុស្ស។
រីឯវាគ្មិនលោក ជរ គង់ នាយកសាខាធនាគារភ្នំពេញពាណិជ្ជសាខា ខេត្តកំពត, លោក ស៊ឹម សុខជា ប្រធានក្រុមហ៊ុនអែសអែសស៊ីធី.ឯក, លោក បូ ចាន់ដារ៉ា ប្រធានមន្ទីរសម្រាកព្យាបាលសង់តេខេត្តកំពត, លោក យ៉ាត សុភ័ក្រ្ក ប្រធានផ្នែកធនធានមនុស្ស ក្រុមហ៊ុនឋានសួគ៌សុខាអូតែលបូកគោ និងលោកស្រី ខេក ប្រធានរដ្ឋបាលរោងចក្រពូចិន បានចែករំលែកនូវព័ត៌មានទូទៅលើស្ថាប័នរៀងៗខ្លួន ព្រមទាំងអះអាងដូចៗគ្នា នូវជំនាញរឹងនិងទំនាញទន់ បុគ្គលិកលក្ខណៈសម្បត្តិ ដែលបុគ្គលមានដើម្បីទទួលបានការងារពីស្ថាប័នដៃគូ។
វាគ្មិនទាំងប្រាំរូបបានសម្តែងនូវអំណរគុណដល់ សាកលវិទ្យាល័យ ដែលផ្តល់ឱកាសក្នុងការចូលរួមធ្វើបទបង្ហាញ និងរីករាយសហការជាបន្តដូចជា ផ្តល់កន្លែងធ្វើកម្មសិក្សា និងសកម្មភាពផ្សេងៗ ដើម្បីពង្រីក ពង្រឹងសមត្ថភាពនិស្សិត និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីរួមគ្នាបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា ព្រមទាំងចូលរួមអភិវឌ្ឍប្រទេសជាតិមាតុភូមិ។
នៅចុងបញ្ចប់ លោកបណ្ឌិតសាកលវិទ្យាធិការ បានអះអាងថា ខ្លឹមសារបង្ហាញដោយវាគ្មិនទាំងអស់ ពិតជាមានសារប្រយោជន៍ មិនអាចកាត់ថ្លៃបាន ហើយសូមស្បិចយកខ្លឹមសារ រួមសំខាន់ៗ មកបង្ហាញខ្លះៗ ដើម្បីឆ្លើយតបនឹងប្រធានបទ។ លោកថា គ្រប់យ៉ាង គឺចាប់ផ្តើមពីចំណង់ ឧទាហរណ៍ចង់ក្លាយជាអ្វី? វានឹងចាប់ផ្តើម ជាមួយការសិក្សារៀនសូត្រដែលអ្នកប្រាជ្ញ បុគ្គលជោគជ័យទទួលស្គាល់នូវដើមចម នៃអត្ថប្រយោជន៍ នៃការសិក្សារៀនសូត្រ វានឹងជួយឲ្យខួរក្បាលដែលជារ៉ែ មិនចេះរីងស្ងួតកាន់តែល្អ បង្កើតជាបញ្ញា គំនិតច្នៃប្រឌិតនាំឲ្យបុគ្គល ឬស្ថាប័នមានការរីកចម្រើន។
ការសម្រេចចិត្តមកសិក្សានៅ CUS គឺជាជោគជ័យ នៃការចាប់ផ្តើមមួយនឹងតម្រូវឲ្យនិស្សិតខិតខំរៀនសូត្រ ដើម្បីទទួលបានជំនាញជាក់លាក់ តាមរយៈការចូលអានសៀវភៅ ក្នុងបណ្ណាល័យ និស្សិតត្រូវធ្វើសកម្មភាពជាក់ស្តែង តស៊ូអត់ធ្មត់ អនុវត្តការងារតាមរយៈការចុះកម្មសិក្សាហាត់ការ ដើម្បីបានបទពិសោធន៍ ការសិក្សាជំនាញបានច្បាស់លាស់ និងបន្ថែមនូវជំនាញទន់ ភាសាបរទេស និងកុំព្យូទ័រដើម្បីបង្ហាប់ចំណេះដឹងដល់និស្សិត មានបទពិសោធន៍នោះ នឹងទទួលបានជោគជ័យដែលនិស្សិត នឹងទទួលបានការងារល្អៗ ត្រង់នេះហើយជាផ្នែកមួយឆ្ពោះទៅកាន់អនាគតភ្លឺស្វាង។
លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ដើម្បីស្វែងរកផ្លូវមួយដែលឆ្ពោះទៅអនាគតភ្លឺស្វាង មានសុភមង្គលក្នុងគ្រួសារ ជីវភាពរស់នៅធូរធារ មានភាពថ្លៃថ្នូរ និស្សិតគ្រប់រូប ត្រូវមានវិជ្ជាជីវៈមិនថា វិជ្ជាជីវៈមានកម្រឹតទាប ឬខ្ពស់ និស្សិតដែលទទួលបាននូវចំណេះដឹងខ្ពស់ មានសមត្ថភាពជំនាញខ្ពស់ និស្សិតត្រូវចេះបណ្តុះគំនិតរបស់ខ្លួន ចេះបង្កើតគោលដៅរបស់ខ្លួន តើយើងចង់បានអ្វី ចង់ធ្វើអ្វី ចង់ជ្រើសរើសមុខជំនាញអី្វយកមកសិក្សា មានបំណងបែបណាចំពោះការសិក្សា ការចំណាយប្រាក់កាស និងពេលវេលាប៉ុន្មាន?
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ CUS មាន៨ទីតាំង ដែល២ទីតាំង នៅរាជធានីភ្នំពេញ និង៦ទីតាំងទៀត នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត៕