(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក គ្រីស្ទាន បែកហ្គឺ (H.E. Mr. Christian Berger) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថ្មី ប្រចំាប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។
ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការស្វាគមន៍ដោយក្ដីរីករាយ របស់លោក គ្រីស្ទាន បែកហ្គឺ ដែលបានមកបំពេញការងារកាទូត នៅក្នុងប្រទេសកម្ពុជា និងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា សម្ដៅធ្វើយ៉ាងណាឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀត និងបន្ដថែរក្សានូវអ្វីដែលភាគីទាំងពីរសម្រេចជាមួយគ្នាកន្លងមក។
សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតដែរថា សម្ដេចក៏បានជ្រាបអំពីខ្លឹមសារដ៏ប្រពៃជាមួយសម្ដេចតេជោ ហ៊ុន សែន ដែលក្នុងនោះ សហព័ន្ធអាល្លឺម៉ង់ ជួយគាំទ្របន្ថែមទៀតដល់ដំណើរការនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់កម្ពុជា ដែលនេះជាព័ត៌មានមួយ ដ៏រីករាយសម្រាប់កម្ពុជា ក៏ដូចសម្ដេចផ្ទាល់ដែលជាអ្នកទទួល ដឹកនាំនូវកិច្ចការងារនេះ។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ជូនអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ដខិតខំធ្វើយ៉ាងណាបង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញឲ្យដំណើរការកំណែទម្រង់មជ្ឈការ និងវិសហមជ្ឈការនេះ មានការរីកចម្រើនទៅមុខ បើទោះបីជួបប្រទះនូវបញ្ហាប្រឈមលើការងារនេះ ក៏ខិតខំធ្វើយ៉ាងណាស្វែងរកដំណោះស្រាយ។
ជាការឆ្លើយតប លោក គ្រីស្ទាន បែកហ្គឺ បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ស ខេង ចំពោះព័ត៌មានបច្ចុប្បន្នភាពរបស់កម្ពុជា ហើយលោកក៏សម្ដែងនូវក្ដីរីករាយ ចំពោះល្បឿននៃកំណែទម្រង់នេះ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្ដេច ស ខេង និងគណៈប្រតិភូទៅកាន់ប្រទេសអាល្លឺម៉ង់ កាលពីពេលកន្លងទៅថ្មីៗនេះ។
លោកឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនបន្ថែមទៀតថា សម្រាប់ភាគីអាល្លឺម៉ង់ គឺមានទីភ្នាក់ងារ អភិវឌ្ឍន៍ អា ល្លឺ ម៉ ង់ (GIZ) នៅកម្ពុជា ដែលធ្វើការងារគាំទ្រលើវិស័យកំណែទម្រង់ មជ្ឈការ និងវិសហមជ្ឈការ។ លោកក៏បានស្នើដល់ក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធធ្វើយ៉ាងណាបន្ដទំនាក់ទំនង ជាមួយ GIZ បន្ថែមទៀត ដើម្បីឈានទៅសម្រេចនូវអ្វីដែលជាទិសដៅក្នុងកំណែទម្រង់នេះ៕