(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានអំពាវនាវដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន កុំចាញ់បោកការញុះញង់របស់ទណ្ឌិត សម រង្ស៉ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស និងប្រាប់ប្រជាពលរដ្ឋត្រូវនាំគ្នាសប្បាយរីករាយ នៅថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងថ្ងៃអកអំបុកខាងមុខនេះ។
សារអំពាវនាវរបស់លោកឧត្តមសេនីយ៍ស្នងការ ត្រូវបានធ្វើឡើងក្នុងពិធីបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដែលធ្វើឡើងនៅវត្តភ្នំដិន ក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ដោយមានការចូលរួមសរុបចំនួន២៤៥នាក់ ស្រី១៣៦នាក់ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយចង់ស្តាប់នូវបញ្ហាប្រឈមនានា និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព នៃទិវាបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ព្រមទាំងសភាពការណ៍វិវត្តថ្មីៗ របស់ក្រុមឧទ្ទាមក្បត់ជាតិ ដែលចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងពិធីនេះផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាប្រទេសជាតិវិញ លោកឧត្តមសេនីយ៍ទោ សុខ សំណាង នៅតែលើកឡើង និងចាត់ទុកតម្លៃសន្តិភាពរបស់ជាតិ មិនអាចកាត់ថ្លៃបានឡើយ ពោលមិនថា តែនៅក្នុងស្រុកគីរីវង់ នោះទេ ប៉ុន្តែនៅទូទាំងប្រទេស ប្រជាពលរដ្ឋដើរហើរគ្រប់ទីកន្លែង ប្រកបមុខរបរ និងមានជីវភាពកាន់តែធូរធាពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកឡើងពីផែនការចង់ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលរបស់ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកដែលបានប្រកាសចូល មកបំផ្លាញសេចក្តីសុខរបស់ប្រជាជន នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រជាពលរដ្ឋទូទាំងប្រទេសមិនមានការគាំទ្រនោះឡើយ ខណៈការរស់នៅ និងប្រកបរបររបស់ប្រជាពលរដ្ឋមានការរីកចម្រើនរាល់ថ្ងៃ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្នងការ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមហូបអំបុកសន្តិភាពឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៩ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ដែលជាព្រះរាជពិធីបុណ្យអុំទូក។
ប្រជាពលរដ្ឋទាំងអស់នៅក្នុងវេទិកាខាងលើ បានចាត់ទុកថា តម្លៃសន្តិភាពដែលរកបាន ដោយលំបាកបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដូច្នេះពួកគាត់ត្រូវតែរួមការពារមិនឲ្យទណ្ឌិតក្រុមក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក មកបំផ្លាញដោយងាយស្រួលនោះឡើយ៕