(សៀមរាប)៖ ក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ្យអនុវត្តការចុះបញ្ជីស្នាក់នៅរបស់ភ្ញៀវទេសចរតាមអនឡាញ តាមរយៈលីងតំណភ្ជាប់ (www.accommodationregistrar.net) ដើម្បីគ្រប់គ្រងការស្នាក់នៅរបស់ភ្ញៀវទេសចរ គ្រប់គ្រងស្ថិតិ និងរក្សាសន្តិសុខសុវត្ថិភាពរបស់ភ្ញៀវទេសចរ រួមចំណែកធ្វើឱ្យកម្ពុជារឹតតែទទួលបានកំណើនភ្ញៀវបន្ថែមទៀត។
ការចុះបញ្ជីស្នាក់នៅរបស់ភ្ញៀវទេសចរតាមអនឡាញនេះផ្តល់អត្ថប្រយោជន៍ ៤សំខាន់ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍៖
ទី១៖ ជួយដល់ប្រតិបត្តិករទេសចរណ៍អនុវត្តខ្លឹមសារមាត្រា៤៨ ចំណុច «ច» នៃច្បាប់ស្តីពីទេសចរណ៍ «អ្នកគ្រប់គ្រងសណ្ឋាគារ ឬសេវាកម្មស្នាក់នៅទេសចរណ៍ ត្រូវកត់ត្រាទុកអត្តសញ្ញាណរបស់អតិថិជន និងព័ត៌មានផ្សេងៗទៀតនៅពេលចូលស្នាក់នៅ»។
ទី២៖ ជួយដល់កាងារប្រមូល ចងក្រង និងរក្សាទុកភ្ញៀវទេសចរដែលបានស្នាក់នៅកម្ពុជា។
ទី៣៖ ជួយដល់ការងារសិក្សាទីផ្សារ និងកំណត់យុទ្ធសាស្ត្រទីផ្សារ។
ទី៤៖ ជួយដល់ការកំណត់គោលដៅវិនិយោគ តាមរយៈការគ្រប់គ្រងតម្រូវការប្រើប្រាស់បន្ទប់ស្នាក់នៅ (room occupancy rate) ឱ្យកាន់តែលម្អិត។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីគេហទំព័រ និងកម្មវិធីទូរស័ព្ទឆ្លាត «Visit Cambodia» និងការអនុវត្តការចុះបញ្ជីស្នាក់នៅទេសចរណ៍អនឡាញ សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានរៀបចំឡើងនៅសណ្ឋាគារសុខាសៀមរាប នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ ពិសេសប្រតិបត្តិករទេសចរណ៍ក្នុងផ្នែកសេវាកម្មស្នាក់នៅ ត្រូវចូលរួមអនុវត្តរាល់ភារកិច្ច ដែលពាក់ព័ន្ធនឹងដំណើរប្រតិបត្តិការរបស់ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍ សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ តាមរយៈលីងតំណភ្ជាប់ (www.accommodationregistrar.net) នេះ។
លោករដ្ឋមន្ត្រីបានស្នើឱ្យផ្នែកឯកជនដែលជាប្រតិបត្តិករទេសចរណ៍ ត្រូវចូលរួមផ្តល់ព័ត៌មាននានាក្នុងគេហទំព័រ និងកម្មវិធីទូរស័ព្ទឆ្លាត «Visit Cambodia» នេះ ក្នុងគោលបំណងពង្រឹង និងពង្រីកសក្តានុពលទេសចរណ៍នៅខេត្តសៀមរាបឱ្យបានល្អប្រសើរ និងស្នើឱ្យប្រតិបត្តិករទេសចរណ៍ ម្ចាស់គ្រប់គ្រងអាជីវកម្មទេសចរណ៍ និងមូលដ្ឋានអាជីវកម្មថ្មីៗ បង្កើតឱ្យមានកញ្ចប់ទស្សនកិច្ចពិសេសៗ និងការបញ្ចុះតម្លៃពិសេសទៅលើសេវាកម្មរបស់ខ្លួន។
ផ្អែកលើស្មារតីនេះ វិស័យទេសចរណ៍ក៏ត្រូវធ្វើការសិក្សា និងពង្រីកបន្ថែមនូវទីផ្សារទេសចរណ៍ឱ្យកាន់តែទូលាយ តាមរយៈការជំរុញឱ្យមានការបង្កើតផលិតផលទេសចរណ៍ដែលមានគុណភាព និងទាក់ទាញ ពិសេសជំរុញការផ្សព្វផ្សាយទេសចរណ៍ តាមរយៈប្រព័ន្ធឌីជីថលដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ក្នុងការស្វែងរកព័ត៌មានអំពីគោលដៅទេសចរណ៍នានានៅកម្ពុជាឱ្យកាន់តែប្រសើរ។
លោករដ្ឋមន្ត្រី ថោង ខុន បានអះអាងថា តាមរយៈកញ្ចប់ទស្សនកិច្ចក្នុងស្រុកពិសេសទៅកាន់ខេត្តសៀមរាប ព្រមទាំងការដាក់ឱ្យប្រើប្រាស់គេហទំព័រ និងកម្មវិធីទូរស័ព្ទឆ្លាតវៃ Visit Cambodia និងការអនុវត្តការចុះបញ្ជីស្នាក់នៅទេសចរណ៍អនឡាញ សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍នេះ នឹងធ្វើឱ្យកម្ពុជារឹតតែទទួលបានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាក្លាយជាគោលដៅទាក់ទាញមួយក្នុងតំបន់ ដែលសម្បូរទៅដោយផលិតផល និងសេវាកម្មទេសចរណ៍មានគុណភាពខ្ពស់ ប្រកបដោយការច្នៃប្រឌិតខ្ពស់ និងនវានុវត្តន៍ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍នាពេលបច្ចុប្បន្ន៕