(ភ្នំពេញ)៖ ទីបំផុត បេក្ខជនមកពីខេត្តកំពង់ចាម ចាន់ សុបញ្ញា បានដណ្តើមពានក្លាយជាជយលាភីតែមួយគត់ សម្រាប់កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក X Factor Cambodia រដូវកាលទីមួយនាំមកជូនផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលប្រព្រឹត្តទៅកាលពីរាត្រីថ្ងៃអាទិត្យទី៣ ខែវិច្ឆិកានេះ។

តំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ លោកស្រីគង់ កុសល បានថ្លែងសាទរចំពោះលទ្ធផលដ៏គាប់ប្រសើរនេះថា៖ «ខ្ញុំពិតជារីករាយដែលបានឃើញការខិតខំប្រឹងប្រែងរបស់បេក្ខជនម្នាក់ដែលមានវ័យត្រឹម១៤ឆ្នាំបានទទួលផលតបស្នងដ៏សម្បើមបែបនេះ ខ្ញុំសូមចូលរួមអបអរដល់ចាន់ សុបញ្ញា ដែលក្លាយជាម្ចាស់ពានជាផ្លូវការ»

គួរបញ្ជាក់ថា ក្រោយទទួលបានសារគាំទ្រច្រើនជាងគេទាំងពីរវគ្គដែលវគ្គទីមួយបេក្ខជនទាំងអស់ត្រូវប្រលងច្រៀងបទចម្រៀងមនោសញ្ជេទនា និង វគ្គទីពីរតម្រូវឱ្យច្រៀងជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ ដែលបេក្ខជន បញ្ញាទទួលបានសារបោះឆ្នោតច្រើនជាងគេទាំងពីរវគ្គ។

បេក្ខជនកំពូលទាំង៤នាក់មានដូចជា ម្ចាស់ជ័យលាភី ចាន់ សុបញ្ញា បេក្ខជន សំ សុវណ្ណារ៉ាក់ បេក្ខជន គង់ ចំរើន និង បេក្ខជន ចាន់ កូម៉ែន ក៏នឹងត្រូវបង្ហាញខ្លួនជាបន្តបន្ទាប់ជាមួយការប្រគំតន្ត្រីទេសចរណ៍របស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ និងកម្មវិធីផ្សេងៗទៀតជាច្រើនផងដែរ៕